ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលកម្ពុជា កំណត់​ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ​

ភ្នំពេញ​៖ យោងតាមអនុក្រឹត្យចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នេះស្តីពី ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ ​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ រួមមាន​៖ ព្រះបរមរាជវាំង ស្ថាប័ន​កំពូល ( ព្រឹទ្ធសភា រដ្ឋសភា​… ) ក្រសួង ស្ថាប័នរដ្ឋ កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល កម្មសិទ្ធិ​យានជំនិះ​ជា​រូបវន្តបុគ្គល នីតិបុគ្គល ឬ​សហកម្មសិទ្ធិ​យានជំនិះ និង​សម្រាប់​យានជំនិះ​នាំចូល​បណ្តោះអាសន្ន តាម​របប​ព្យួរ​ពន្ធ ឬ​ក្រោម​របប​គយ​នាំចូល​បណ្តោះអាសន្ន​។​

​ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ រួមមាន​៖
.​ប្រភេទ​ទី​១៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​បៃតង់ចាស់ អក្សរ និង​លេខ​ពណ៌​ទឹកមាស សម្រាប់​យានជំនិះ​របស់​ព្រះបរមរាជវាំង​
.​ប្រភេទ​ទី​២៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​បៃតងចាស់ អក្សរ និង​លេខ​ពណ៌​ស សម្រាប់​យានជំនិះ​របស់​ស្ថាប័ន​កំពូល​
.​ប្រភេទ​ទី​៣៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​បៃតងខ្ចី អក្សរ និង​លេខ​ពណ៌​ស សម្រាប់​យានជំនិះ​ជា​សម្បត្តិ​រដ្ឋ
.​ប្រភេទ​ទី​៤៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​ខៀវ​ខាងលើ និង​ពណ៌​ក្រហម​ខាងក្រោម ចែក​ពាក់កណ្តាល​ស្មើ អក្សរ និង​លេខ​ពណ៌​ស សម្រាប់​យានជំនិះ​របស់​កងយោធពល​ខេមរភូមិន្ទ​
.​ប្រភេទ​ទី​៥៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​ស អក្សរ និង​លេខ​ពណ៌​ក្រហម សម្រាប់​យានជំនិះ​របស់​កងកម្លាំង​នគរបាលជាតិ​
.​ប្រភេទ​ទី​៦៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​ស អក្សរ និង​លេខ​ពណ៌​បៃតងចាស់ សម្រាប់​យានជំនិះ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​
.​ប្រភេទ​ទី​៧៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​លឿង អក្សរ និង​លេខ​ពណ៌​ខៀវចាស់ សម្រាប់​យានជំនិះ​របស់​ស្ថានទូត និង​ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​ខៀវផ្ទៃមេឃ អក្សរ និង​លេខ​ពណ៌​ស សម្រាប់​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​
.​ប្រភេទ​ទី​៨៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​ស អក្សរ និង​លេខ​ពណ៌​ខៀវចាស់ សម្រាប់​យានជំនិះ​ជា​របស់​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ជា​រូបវន្តបុគ្គល នីតិបុគ្គល ឬ​សហកម្មសិទ្ធិ​យានជំនិះ​
.​ប្រភេទ​ទី​៩៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​លឿងទុំ អក្សរ និង​លេខ​ពណ៌​ស សម្រាប់​យានជំនិះ នាំចូល​បណ្តោះអាសន្ន តាម​របប​ព្យួរ​ពន្ធ ឬ​ក្រោម​របប​គយ​នាំចូល​បណ្តោះអាសន្ន​។​

​ក្នុង​អនុក្រឹត្យ ស្តីពី ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់ថា អនុក្រឹត្យ​នេះ មាន​គោលដៅ​៖ ធានា​ឲ្យ​បាន​រឹងមាំ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ផ្តល់​ភាពងាយស្រួល​លើ​ការងារ​គ្រប់គ្រង​យានជំនិះ​គ្រប់​ប្រភេទ នៅ​កម្ពុជា​។ ធានា​ធ្វើ​ឲ្យ​ការផ្តល់​សេវាកម្ម​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​បាន​ឆាប់រហ័ស មាន​តម្លាភាព មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ កំណត់ និង​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ម្ចាស់​យានជំនិះ រួមចំណែក​ប្រមូលប្រាក់​ពន្ធអាករ និង​កម្រៃ​ផ្សេងៗ តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ទប់ស្កាត់​នូវ​អំពើ​រត់គេច​ពន្ធ និង​ការ​ក្លែងបន្លំ​ផ្សេងៗ ឲ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​បែងចែក​ច្បាស់លាស់​នូវ​ប្រភេទ​ស្លាក​លេខ​យានជំនិះ និង​ក្រុម​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​។​

​ក្នុង​អនុក្រឹត្យ បានកំណត់​ពី​យានជំនិះ ត្រូវបាន​ចែកចេញជា ៦​ក្រុម រួមមាន​៖
.​ក្រុមទី​១៖ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន​
.​ក្រុមទី​២៖ រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​
.​ក្រុមទី​៣៖ រថយន្ត​ធុន​ធ្ងន់ និង​ក្បាល​រថយន្ត​សណ្តោង​
.​ក្រុមទី​៤៖ រ៉ឺម៉ក និង​សឺ​មី​រ៉ឺម៉ក​
.​ក្រុមទី​៥៖ យាន​យ​ន្តុ​បក​រណ៍​
.​ក្រុមទី​៦៖ ត្រាក់ទ័រ និង​យានយន្ត​កសិកម្ម​កែច្នៃ​

​រីឯ​ម្ចាស់​គ្រប់គ្រង និង​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ ក៏​ត្រូវបាន​អនុក្រឹត្យ​ដដែល កំណត់ ចែកចេញជា ៩​ក្រុម រួមមាន​៖
.​ក្រុមទី​១៖ ព្រះបរមរាជវាំង​
.​ក្រុមទី​២៖ ស្ថាប័ន​កំពូល​
.​ក្រុមទី​៣៖ ក្រសួង ស្ថាប័នរដ្ឋ​
.​ក្រុមទី​៤៖ កងយោធពល​ខេមរភូមិន្ទ​
.​ក្រុមទី​៥៖ កងកម្លាំង​នគរបាលជាតិ​
.​ក្រុមទី​៦៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​
.​ក្រុមទី​៧៖ ស្ថានទូត អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​
.​ក្រុមទី​៨៖ ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ជា​រូបវន្តបុគ្គល នីតិបុគ្គល ឬ​សហកម្មសិទ្ធិ​យានជំនិះ​
.​ក្រុមទី​៩៖ រូបវន្តបុគ្គល ឬ​នីតិបុគ្គល តាម​របប​ព្យួរ​ពន្ធ ឬ​ក្រោម​របប​គយ​នាំចូល​បណ្តោះអាសន្ន​។​

​ក្នុង​អនុក្រឹត្យ​ដដែល ក៏បាន​កំណត់ថា ម្ចាស់​យានជំនិះ អាចធ្វើ​ស្លាក​លេខ​ពិសេស ទៅតាម​ការចង់បានរ​បស់​ខ្លួន និង​អាច​ប្រើប្រាស់​ស្លាក​លេខ​ផ្ទាល់ខ្លួន​នេះ ជា​បន្តបន្ទាប់ នៅពេលដែល​ប្តូរ​យានជំនិះ​ថ្មី​។

​ស្លាក​លេខ​យានយន្ត​ពិសេស​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ បញ្ជាក់ថា «​កម្ពុជា​» ពី​ខាងលើ ហើយ ផ្នែក​កណ្តាល​ជា​លេខ​ចុះបញ្ជី មាន​លេខ​ឬ​/​និង​អក្សរ​ឡាតាំង មិន​លើសពី ៨​ខ្ទង់ និង​ផ្នែក​ខាង ក្រោម សរសេរ​អក្សរ​ឡាតាំង «CAMBODIA» នៅ​ពីក្រោម​បន្ទាប់​ផ្តេក​។​

​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ត្រូវ​បង់ក​ម្រៃ​សេវាសាធារណៈ​តាម ការកំណត់​ក្នុង​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬ​តាម​លទ្ធផល​នៃ​ការលក់ ឬ​ដេញថ្លៃ​ជា​សាធារណៈ​។​ ​នីតិវិធី​​នៃ​​ការ​ប្រមូល​ចំណូល​ពី​លេខ​ចុះបញ្ជី​ពិសេស លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន និង​ការ គ្រប់គ្រង​ចំណូល ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕​