ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំកម្មវិធីមួយ ស្តីពីអំពី Executive Talks 2019 ក្រោមប្រធានបទហិរញ្ញប្បទានអាជីវកម្មនិងការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ក្នុងគោលបំណងចែករំលែកពីស្ថានភាពអាជីវកម្ម ផលិតផល សេវាកម្ម និងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញរបស់ធនាគារ ក្រុមហ៊ុនវិនិយោគ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ជាងកន្លះឆ្នាំចុងក្រោយនេះមានការរីកចម្រើនច្រើនក្នុងការជួញដូរ ថ្លៃភាគហ៊ុនលើទីផ្សារក៏មានកំណើន ហើយការចំណាប់អារម្មណ៍ក៏ខ្ពស់ ក្នុងចំណោមក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មផ្សេងៗដែលចង់ដឹងអំពីការចូលផ្សារហ៊ុនយ៉ាងម៉េច គៀងគរទុនដើម្បីពង្រីកអាជីវកម្មយ៉ាងម៉េចៗ។
លោកអគ្គនាយក បានបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងព្យាយាមរៀបចំយន្តការគ្រប់យ៉ាងឲ្យមានតម្លាភាព ដើម្បីការពារប្រយោជន៍របស់សាធារណៈជន និងព្យាយាមនាំមកនូវក្រុមហ៊ុននានាដែលមានតម្លាភាព និងចុះបញ្ជីស្នាមត្រឹមត្រូវដើម្បីឲ្យសាធារណៈជនអាចពិចារណាចាប់ផ្តើមវិនិយោគ៕