ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ADBនិងធនាគារអភិវឌ្ឍន៍ជនបទ រួមគ្នាអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម

ភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជួបជាមួយលោក Mark Van Steenwyk ជំនាញការផ្នែកហិរញ្ញប្បទានខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គោលបំណងចង់ដឹង និងស្នើសុំការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ធនាគារអភិវឌ្ឍន៍ជនបទដែលបំពេញបានជោគជ័យកន្លងមក។

ភាគីខាង ADB ក៏បានពិភាក្សាអំពីឱកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទចូលរួមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម (Agricultural Value Chain Infrastructure Improvement Project-AVIP) ដែលកំពុងរៀបចំដោយធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ហើយ ADB សង្ឃឹមថាយ៉ាងមុតមាំថា ធនាគារអភិវឌ្ឍន៍ជនបទនឹងចាប់អារម្មណ៍ចូលរួមសហការលើគម្រោងនេះជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។

លោក កៅ ថាច  បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលភាគី ADB បានរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការណ៍ក្នុងគម្រោងនានានៅកម្ពុជា ជាពិសេសជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ។ លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានចែករំលែកបទពិសោធន៍ក្នុងការបំពេញការងាររបស់​ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងវិស័យស្រូវ-អង្ករ អនុវិស័យកសិកម្មផ្សេងៗដូចជា ការចិញ្ចឹមសត្វនិងការលើកកំពស់ការដំណាំបន្លែសុវត្ថិភាពគ្មានជាតិគីមីជាដើមជាមួយប្រជាកសិករ សហគមន៍កសិកម្ម ព្រមទាំងការអនុវត្តជាធនាគារឌីជីថល ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា។

តាមរយៈការអនុវត្តគម្រោងទាំងនេះធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់សេវាហិរញ្ញវត្ថុ គាំទ្រដល់ខ្សែច្រវ៉ាក់ផលិតកម្មទាំងមូលពីការផលិតដល់ការនាំចេញ ជាមួយនឹងយន្តការគម្រោងផ្សេងៗជាច្រើន ដើម្បីបំពេញកង្វះខាតខាងតម្រូវការនិងការផ្គត់ផ្គង់ហិរញ្ញវត្ថុ។ ទន្ទឹមនេះ អគ្គនាយកបានស្នើឱ្យ​ភាគីធនាគារអភិវឌ្ឍន៍អាសុំីបញ្ចូលការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម​នៅកម្ពុជា ក្នុង គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃសង្វាក់តម្លៃកសិកម្ម -AVIP ផងដែរ៕