ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សុខ ពុទ្ធិវុធ ពិភាក្សានិងអ្នករកស៊ីស្រូវអង្ករលើ «បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EUSafeg uard»

ក្រុមការងារទី៩ ផ្នែកឯកជន-ផ្នែកស្រូវអង្ករបានបើកកិច្ចប្រជុំនាំដោយ លោក សុខ ពុទ្ធិវុធនៅង្ងៃទី៧ មិថុនានេះ  សហប្រធានក្រុមការងារ ដើម្បីបន្តពិភាក្សាទៅលើ«បញ្ហាការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguard»។

សហប្រធានក្រុមការងារបានថ្លែងថា យោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបរួចទៅហើយ ដោយពេលវេលានៃការប្តឹងនេះបានកំណត់ឱ្យដាក់ពាក្យមិនឱ្យលើសពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

លោកមានប្រសាសន៍ថា”បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុសផុលរួចមក សមាជិកអង្គប្រជុំទាំងអស់បានផ្តល់មតិឯកភាពទាំងស្រុងនិងបានលើកដៃគាំទ្រ១០០% លើការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអឺរ៉ុបករណី «ការដាក់ពន្ធរបស់អឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា ឬ EU Safeguardនេះ» ព្រមទាំងអង្គប្រជុំស្នើសុំជំរុញឱ្យមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជ និងលើកយកករណីនេះទៅតវ៉ាតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថែមទៀតផង”។

អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក នង វាសនា ធ្លាប់លើកឡើងថា  ការសុំដាក់វិធានការ(Safeguard) របស់សមា ជិកសហ ភាពអឺរ៉ុបមកលើកម្ពុជាមានចំណុចមិនទាន់គ្រប់ជ្រុងជ្រោយដែលបានលើកឡើងក្នុងសំណើរដាក់ពន្ធលើអង្ករកម្ពុជាដោយអ៊ីតាលី និងអេស្បាញ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងៗ។

ជាមួយគ្នានេះលោកក៏បានលើកឡើងពីផលប៉ះពាល់នៃការដាក់ពន្ធនេះ មកលើជីវភាពកសិករ ដែលមួយភាគធំ គឺអាស្រ័យផលលើផលិតកម្មស្រូវនេះ។

លោកអះអាងថ” ការដាក់ពន្ធនេះអាចនឹងធ្វើអោយមានការធ្លាក់ចនៃចំណូលកសិករ ការបាត់បង់ការងារ ការចាកចេញពីវិស័យនេះទៅវិស័យផ្សេងការធ្វើអោយធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រជាដើម ដែលប៉ះពាល់ដល់ជីវភាពកសិករ និងការខិតខំរបស់ដៃគូអភិវឌ្ឍនៃរដ្ឋា ភិបាលនៃបណ្តាប្រទេសនានា ដែលបានធ្វើការងារនេះក្នុងវិស័យស្រូវអង្ករកម្ពុជា”។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានផ្តល់ជូននូវឯក សារបន្ថែមដែលជាលិខិតរបស់សមាគមន៍COCERAL និងអ្នកនាំចេញរបស់អឺរ៉ុប ដោយក្នុងលិខិតនោះបានបញ្ជាក់ថា អ្នកនាំចូលពីខាងអឺរ៉ុបក៏បានគាំទ្រដល់អង្ករកម្ពុជា និងប្រឆាំងការដាក់ពន្ធនេះដែរ។

ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានបញ្ជាក់ថា គាត់បានទទួលលិខិតពីក្រសួងពាណិជ្ជកម្ម និងពីសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ និងសិក្សាលើអំណះអំណាងនៅក្នុងឯកសារនោះផងដែរ។

លោកអនុុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើសុំសហភាពអឺរ៉ុប សូមទុកពេលប៉ុន្មានឆ្នាំបន្ថែមទៀត រហូតដល់ប្រទេសកម្ពុជា ក្លាយជាប្រទេសមានកម្រិតចំណូលមធ្យម ដែលយើងនឹងសម្រេចនៅ ពេលប៉ុន្មានឆ្នាំខាងមុខ។

ជាមួយគ្នានេះដែរ លោក នង វាសនា ក៏បានពាំនាំនូវសំណើរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានស្នើសុំការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធអាល្លឺម៉ង់ លើករណីនេះផង ដែរ។

សម្រាប់ឯកអគ្គរដ្ឋទូតអាឡឺម៉ង់បានយល់កាន់តែច្បាស់ពីករណីនេះ ព្រមទាំងបញ្ជាក់ថា”នឹងពាំនាំការស្នើសុំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ទៅជម្រាបជូនទៅរដ្ឋាភិបាលរបស់អាឡឺម៉ង់”៕