ភ្នំពេញ: នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយ ថ្នាក់ដឹកនាំនៃ អ.គ.ល.ក. បានទទួលជួបសម្តែងការគួរសមពីសំណាក់ថា្នក់ដឹកនាំក្រុមហ៊ុន ហ្វឺម 614 ឯ.ក ដែលដឹកនាំដោយលោកស្រី ប្រាក់ សុចិន្តា នាយិកាក្រុមហ៊ុន និងសហការី នៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ គោលបំណងនៃជំនួបនេះ គឺដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកអគ្គលេខាធិការ គ.ល.ក. ដែលបានចាត់តំណាងជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចូលរួមនៅក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការវិនិយោគរួមគ្នា (Joint Venture) រវាងក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាមួយក្រុមហ៊ុន RGB International BHD ដើម្បីពង្រឹងការគ្រប់គ្រងឧបករណ៍និង/ឬកម្មវិធីល្បែងឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក៏ដូចជាស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិ។
លោកអគ្គលេខាធិការ បានកត់សម្គាល់ថា ក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ ធនធានមនុស្សគ្រប់គ្រាន់ និងប្រកបដោយសមត្ថភាព ជាពិសេសគឺទីប្រឹក្សាបរទេសដែលសុទ្ធតែមានចំណេះជំនាញ និងបទពិសោធន៍ច្រើននៅក្នុងវិស័យល្បែងពាណិជ្ជកម្ម។ កតា្តនេះហើយ ទើប គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបានសម្រេចទទួលស្គាល់ និងចុះបញ្ជីក្រុមហ៊ុននេះ ជា ១)ក្រុមហ៊ុនផ្តល់សេវាពិគ្រោះយោបល់ និងរៀបចំឯកសារគ្រប់ប្រភេទពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម និង ២) ជាក្រុមហ៊ុននាំចូល លក់ និងចែកចាយឧបករណ៍ និង/ឬកម្មវិធីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ។ ដោយឡែក ចំពោះក្រុមហ៊ុន RGB International BHD គឺជាក្រុមហ៊ុនអន្តរជាតិមួយ (Listing Company) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យូរឆ្នាំមកហើយលើឆាកអន្តរជាតិពាក់ព័ន្ធនឹងការនាំចេញ-នាំចូលឧបករណ៍/កម្មវិធីល្បែង។ ជាក់ស្តែងក្រុមហ៊ុន RGB International BHD គឺជាអ្នកតំណាងលក់ផ្តាច់មុខនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Aristocrat និងក្រុមហ៊ុន Light & Wonder។
លោកអគ្គលេខាធិការ បានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹម និងជឿជាក់ថា តាមរយៈការវិនិយោគរួមគ្នា (Joint Venture) រវាងក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាមួយក្រុមហ៊ុន RGB International BHD នឹងធ្វើឱ្យក្រុមហ៊ុន ហ្វឺម 614 ឯ.ក ដើរតួនាទីសំខាន់ក្នុងការរួមចំណែកក្នុងការជំរុញ និងជួយឱ្យប្រតិបត្តិករល្បែងពាណិជ្ជកម្មអាចស្វែងយល់បានកាន់តែច្បាស់ និងអនុវត្តបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា កិច្ចសហការល្អរវាងវិស័យសាធារណៈ និងឯកជន គឺជាយន្តការមួយដ៏សំខាន់ក្នុងការពង្រឹងការគ្រប់គ្រងក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។










