ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តាម​រឿង​ព្រេង​និទានតំណាលថា៖ «នំបញ្ចុក» ក្លាយមកពីណាក្យ នំដែល​ស្នំ​បញ្ចុក

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាស។  «ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង»។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះថា នៅថ្ងៃទី ៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ។

តើអ្វីជានំបញ្ចុក ហើយមានប្រវត្តិយ៉ាងណា?។ ពាក្យថា «​នំ» ជាពាក្យដែលគេប្រើទៅតាម​ប្រពៃណី​រស់​នៅរបស់ប្រជាពលរដ្ឋខ្មែរ។ «នំបញ្ចុក» ​មាន​ឈ្មោះ​ដើម​ថា «នំប៉ែន​ចុក» គឺ​ជានំ​ដែល​គេ យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ ហើយ​បុក​លាយ​ទឹក រួច​យក​ទៅ​ច្រក​ក្នុង​ប៉ែន​ទើប​យក​ស្នូល​ឈើ ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន បន្ទាប់​មក​គេ​ស្រង់​ចាប់​ជា​ចង្វាយៗ ដាក់​ជាល ឬ​កញ្ច្រែង ទុកឲ្យ​ស្រស់​ទឹក។

ក្រោយមក​គេ​ហៅ​កាត់ៗ​ថា «នំបញ្ចុក» មិនខុស​អីពី​ពាក្យ​ខ្មែរ​ជា​ច្រើន ដោយ​បាន​ហៅ​កាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយ​ជណ្តើរ, កាន់​ជ្រែង ក្លាយ​កញ្ច្រែង, កាន់​ត្រក ក្លាយ កន្ត្រក, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្តប់…។ល។

តាម​រឿង​ព្រេង​និទានដែល​ទាក់​ទង​នឹង «​ប្រវត្តិ​នំបញ្ចុក» មាន​សេចក្តី​ដំណាល​ថា៖

នៅ​នគរ​ធារាធិបតី (សព្វ​ថ្ងៃជា​តំបន់​ទន្លេ​សាប) មាន​អ្នក​ស្រែ​ពីរ​នាក់​ប្តីប្រពន្ធ ធ្វើ​ស្រែ​ «ស្រូវ​វារ» ​ចិញ្ចឹម​ជីវិត ព្រោះ​គាត់​រស់​នៅ​តំបន់​ទឹក​លិច មិនអាច​ដាំដំ​ណាំ​ស្រូវល្អ ដូចគេ​ដទៃ​ទៀត​បាន។ ស្រូវ​វារ ជា​ស្រូវ​ដែល​ផ្តល់​អង្ករ​បាយ​រឹង មាន​ពណ៌​ក្រហម​ទ្រង់​ផ្កា​ឈូក​បន្តិច ពេល​បុក​សម្រិត​រួច​ហើយ។

ដោយ​សារ​អង្ករ​នោះ រឹង​ពេក ដាំ​បាយ​ឆីមិន​សូវ​ឆ្ងាញ់ អ្នក​ស្រែ​ក៏បែក​គំនិត​ធ្វើជា​នំឲ្យ​មាន​ជាតិ​ទន់​បន្តិច ដើម្បី​បរិភោគ​ស្រួល​ទំពារ ណាមួយ​នៅតំបន់​ដែល​គាត់​រស់​នៅ​សំបូរ​ត្រី​ផង ទើប​នាំគ្នា​ប្តី​ប្រពន្ធ​បង់ត្រី​មក​ធ្វើជា​ប្រហុក ធ្វើ​ត្រី​ឆ្អើរ​ រក្សា​ទុក​បាន​យូរ សម្រាប់​ឆីជា​អាហារ។ ម៉្យាង​អង្ករ​ស្រូវវារ ជាអង្ករ​ដែល​អ្នក​ស្រែ អាច​យក​មក​ធ្វើជា​នំបញ្ចុក បាន​ល្អ ហើយ​បាន​ច្រើន​ចំនួន​ជាង​អង្ករ​ស្រូវ​ស្រែ​ធម្មតា​ទៀត​ផង។

ថ្ងៃ​មួយ​នារដូវ​ប្រាំង ទំនេរ​ពីការ​ងារ​នៅ​ស្រែ អ្នកស្រែ​ជា​ប្រពន្ធ បាន​បុក​អង្ករ​ស្រូវ​វារ បាន​បែក​គំនិត​យក​អង្ករ​ស្រូវ​វារ ធ្វើជា​នំសរ​សៃ ចាប់ជា​ចង្វាយ រួច​ហើយ​ក៏ស្រូប​នឹង​ទឹក​សម្ល​ប្រហើរ​ត្រី​ឆ្អើរ ដាក់​ប្រហុក ខ្ទិះ​ដូង ថែម​ល្បោយ​បន្លែ ដែល​គាត់​បេះ​បាន​នៅ​តាម​វាល​ស្រែ ឬក្នុង​ចំការ​ក្រោយ​ផ្ទះ។

លុះ​អ្នក​ស្រែ​ជាប្តី​ពិសារ​ហើយ​កើត​ជំងឺ​រាគរូស ព្រោះ​នំបញ្ចុក​នោះ ធ្វើអំពី​អង្ករ​ត្រាំ​ទឹក​យូរ មួយ​វិញ​ទៀត ដោយសារ​បន្លែ​ស្រស់​ខ្លះ​បេះពី​ព្រៃ​មាន​ជីវ​ជាតិ​ជូរ ឬ​ត្រជាក់ ដូច​ជា ល្ហុង ត្រួយ​ត្រកួន​ស្រស់ ត្រួយ​កន្ធំ​ធេត ផ្កា​កំប៉ោក ផ្កា​ស្នោ​ជា​ដើម ទើប​អ្នក​ស្រែ​ជា​ប្រពន្ធ បែក​គំនិត បន្ថែម​ត្រយូង​ចេក ជា​ជំនួយ ជាល្បោយ​នំ ពិសា​ហើយ ក៏​លែង​រាគ​រូស​ដូច​មុន​ទៀត។

គាត់​បាន​ប្រតិស្ឋ​នាម ឲ្យ​នំនោះ​ថា «នំ​សរសៃ​ស្រូវ​វារ»។ នៅ​ពេល​ដែល​អ្នក​ស្រែ​យើង ធ្វើនំ​សរសៃ​ស្រូវ​វារ​នេះ​ម្តងៗ គាត់តែង​យក​ម្រាម​ដៃ ជា​ចង្កើះ ស្រវា​ចាប់​នំ​បរិភោគ បញ្ចុក​មាត់ជា​ទម្លាប់​ធម្មតា តាម​ជីវភាព​រស់​នៅ​បែបអ្នក​ស្រែ​ក្រីក្រ ហើយ​តែង​ដួស​ផ្ញើ​ញាតិ​សន្តាន ក្នុង​ភូមិឲ្យ​ពិសា​ឆ្ងាញ់​មាត់​គ្រប់គ្នា មិន​សូវ​លោះ​ពេល។លុះភ្លក្ស​ស្នា​ដៃ​របស់​គាត់​ហើយ ឃើញថា​ឆ្ងាញ់ អ្នកស្រុក​ក៏បាន​មក​សុំរៀន​ក្បួន​ធ្វើនំ និង​ក្បួន​ធ្វើទឹក​សម្ល​ស្រូប​ពីគាត់ ដើម្បី​យក​ទៅ​ផ្សំឆ្នៃ​ធ្វើទឹក​សម្ល កំដរ​នំ​ឆីតាម​ផ្ទះ​ តាម​ភូមិ តាម​ចំណូល​ចិត្ត រៀងៗ​ខ្លួន​ជា​បន្តៗ​រៀង​មក។

លុះចាស់​ជរា​បន្តិច​ទៅ អ្នកស្រែ​ទាំងពីរ​នាក់​ប្តីប្រពន្ធ មិនអាច​ប្រកប​របរធ្វើ​ស្រែ​បាន ព្រោះ​គ្មាន​កូនចៅ បន្ត​ការ​ងារ​ក្នុង​ស្រែ​ជំនួស​គាត់ អ្នក​ស្រែ​ទាំង​ពីរ ក៏ដូរ​មុខ​របរ មក​រែក​នំ​បញ្ចុកលក់​តាម​ភូមិ​តិច​តួច ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ តាម​ដំណើរ​ជីវិត​សុចរិត​របស់​គាត់។

នៅថ្ងៃ​មួយ មាន​រាជ​កុមារ​វ័យ​ប្រមាណ៧​វស្សា នាំ​ពល​សេនា ជិះសេះ​ដើរ​លេង នៅតាម​ស្រុក​ភូមិ បាន​ប្រទះ​ឃើញ អ្នក​ស្រុក​ចោម​រោម អ្នក​ស្រែលក់​នំសរសៃ​ស្រូវ​វារ ហើយអួត​ថា ​ឆ្ងាញ់​មាត់​គ្រប់​គ្នា ក៏ចង់​សាក​មើល​នឹង​គេ​ដែរ។ តែ​ដោយ​តំបន់​នោះ មាន​ភាព​ក្រីក្រ គេឆីនំ​សរសៃ​ស្រូវ​វារ នឹង​ម្រាម​ដៃ​គ្រប់ៗ​គ្នា ម្ល៉ោះ​ហើយ​រាជកុមារ​ក៏ប្រែ​ចិត្ត​រារែក មិន​ហ៊ាន​សាក​ល្បង ព្រោះ​ខ្លាច​ប្រឡាក់​ដៃ។

រីឯ​អ្នក​ស្រែ​ទាំង​ពីរ កាល​បើ​បាន​ដឹង​ថា រាជ​កុមារ ចង់​សោយ​នំ​របស់​ខ្លួន ក៏ទូល​សុំ​ឲ្យស្នំឯក ដែល​ជា​មេដោះ របស់​រាជ​កុមារ យក​ដៃចាប់​នំសរសៃ​ស្រូវ​វារ បញ្ចុក​រាជ​កុមារ​យើង។ ដោយ​ការ​ចង់​ដឹង នូវ​រសជាតិ​សម្ល​ដ៏សែន​ឈ្ងុយ​ឈ្ងប់​ប្លែក​ធម្មតា រាជកុមារ​ក៏យល់​ព្រមឲ្យ​ស្នំឯក​បញ្ចុក។ ពេល​នេះ រាជកុមារ​យើង ក៏មាន​សេចក្តី​សោមនស្ស​នឹង​រស​ជាតិ នំសរសៃ​ស្រូវ​វារ ដ៏ឆ្ងាញ់​មួយ​ចាន​នោះ​ក្រៃ​លែង ព្រម​ទាំង​ប្រទាន​រង្វាន់​មួយ​ចំនួន​ដល់​អ្នក​ស្រែ​ដែល​ធ្វើនំ​ឆ្ងាញ់។

នៅពេល​រាជកុមារ យាង​ត្រឡប់​ទៅរាជ​វាំង​វិញ ក៏តែង​ទទូចឲ្យ​ព្រះមាតា តាម​រក​ទិញ «នំ​ដែល​ស្នំ​បញ្ចុក» នោះ​ពីអ្នក​ស្រែ យក​មក​សោយ​នៅក្នុង​រាជវាំង។ ដោយសារ​ខ្ជិល​ដេញ​ស្នំ ឲ្យ​រត់ទៅ​ទិញ​នំ ពី​អ្នក​ស្រែ រៀង​រាល់​ព្រឹក​ឲ្យ​រាជ​បុត្រ ជាទី​ស្រឡាញ់ ព្រះ​រាជ​មាតា​ក៏បញ្ជា​ឲ្យ​សេនា​ទៅកោះ​ហៅ អ្នក​ស្រែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ មក​ធ្វើនំ​សម្រាប់​រាជកុមារ​សោយ​ប្រចាំ​រាជ​វាំង​រៀង​រហូត​ទៅ។ ចំណេរ​ត​មក ឈ្មោះ «នំសរសៃ​ស្រូវវារ» ក៏លែង​មាន​នរណា​ហៅត​ទៅ​ទៀត​ដែរ។ គេទម្លាប់​នាំគ្នា ហៅ​ថា «នំដែល​ស្នំ​បញ្ចុក» ជា​ជំនួស​វិញ យ៉ាង​ប្រជា​ប្រិយ យូរ​ក្រោយ​មក​ទៀត ក៏ត្រូវ​គេ​ហៅ​កាត់ៗ ខ្លីៗ​ថា «នំបញ្ចុកៗ» បន្តរៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕