ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំពិភាក្សាស្ដីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តព្រះវិហារ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ប្រសើរ តាមការរំពឹងទុក។

ព្រះវិហារ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នេះ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង លោក វ៉ាត់ ប៉ារ៉ានីន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។
កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ក្រុមប្រឹក្សាឃុំ-សង្កាត់, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះវិហារ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ គ.ល.ក. ប្រមាណ ១៩០ នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ លើការគ្រប់គ្រងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីកំណត់និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
ទី២ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តព្រះវិហារ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលពុំមានអាជ្ញាបណ្ណនិង/ឬអាជ្ញាបណ្ណសាខានិង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងពី គ.ល.ក។
ចំណុចទី៣. លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យល្បែងពាណិជ្ជកម្ម។ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ម៉ី ច័ន្ទវាសនា ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១, អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។
គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ តាមរយៈការអនុវត្តច្បាប់ និងលក្ខខណ្ឌអាជ្ញាបណ្ណតឹងរ៉ឹង គ.ល.ក. បានដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន១ក្រុមហ៊ុន, បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន១ក្រុមហ៊ុន និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងចំនួន៤សាខា ព្រមទាំងបានបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង ៩០ ទីតាំងផងដែរ។
ចំណែកនៅខេត្តព្រះវិហារ គ.ល.ក. ពុំមានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាងជូនក្រុមហ៊ុនណាមួយឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានសម្តែងនូវអំណរគុណដល់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដែលឆ្លៀតពេលវេលាដ៏មានតម្លៃមកប្រជុំផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងវិស័យល្បែងពាណិជ្ជកម្ម ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារឱ្យកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត និងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម រហូតលុបបំបាត់ល្បែងស៊ីសងបានទាំងស្រុងនៅទូទាំងខេត្តព្រះវិហារ។
ទន្ទឹមនឹងនេះក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំឱ្យបានសកម្មបន្តទៀត ដើម្បីបង្ការ និងទប់ស្កាត់ល្បែងស៊ីសងមិនឱ្យកើតមានជាថ្មីឡើងវិញ តាមមូលដ្ឋានរបស់ខ្លួន។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សានិងបានទទួលការណែនាំរបស់អភិបាលរងនៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានយល់កាន់តែច្បាស់នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងបានប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនឱ្យបានសកម្មបន្តទៀត ដើម្បីបង្ការ និងទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។