ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិត ក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារនិងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ជ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី១ ឱ្យបានមុន ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំនិងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា។ ប្រសិនបើការ ផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងតំណាងកម្មករនិយោជិត អាចពិភាក្សានិងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យ នេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជា ប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្នុងករណីមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមផ្តល់ព័ត៌មានមកក្រសួងតាមរយៈប្រព័ន្ធ ទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីក្រសួងចាត់វិធានការតាមច្បាប់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិតទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។