នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីត្រួតពិនិត្យកិច្ចការលម្អិត នៃអនុគណ:កម្មការប្រតិបត្តិនីមួយៗ ដែលនឹងត្រូវរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អង្គ វង្ស វឌ្ឍានា ប្រធានគណ:កម្មការទី៦ និងជាប្រធានអនុគណ:កម្មការឯកសារ និងខ្លឹមសារ លោកជំទាវ អ៊ុន សុគន្ធា តំណាងអនុគណ:កម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម លោកជំទាវ ខេង សំវ៉ាដា អនុប្រធានក្រុមប្រឹក្សាយោបល់ លោក ឡេង ប៉េងឡុង លេខាធិការដ្ឋាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមការងារបច្ចេកទេសរៀបចំកិច្ចប្រជុំ IPTP លើកទី១១។
សូមបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា។
សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ ប្រទេស។ កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា។ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពមានសមាជិក១០៥ប្រទេស ហើយសភាអន្តរជាតិនេះបានបង្កើតឡើងក្នុងគោលដៅមួយគឺដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការនិងជំរុញការការអភិវឌ្ឍ វិបុលភាពលើមូលដ្ឋានគ្រឹះនៃភាពអត់ឱន និងសនិ្តភាពនៅក្នុងឆ្នាំ២០១៧។
សភានៃអារ៉ាប់រួមអេមីរ៉ាត ជាមួយបណ្តាសភា នៃប្រទេសអឺរ៉ុប អាម៉េរិកឡាទីន សភាអាហ្វ្រិក និងបណ្តាប្រទេសនៅ អាស៊ីត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព។ លោកប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបន្ថែមថា កាលពីឆ្នាំ២០២២ លោកជាតំណាងបានចូលរួមកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅក្នុងប្រទេស អារ៉ាប់រួមអេមីរ៉ាត ហើយនៅពេលប្រជុំ ក៏មានការចូលរួមពីតំណាងរដ្ឋសភានានាមកពីប្រទេសផ្សេងៗគ្នា និងមានសាសនាផ្សេងៗគ្នា ហើយភាគីទាំងនោះបានធ្វើប្រាស្រ័យទាក់ទងគ្នា ក៏មានពិភាក្សានិងយល់ពីគ្នា ព្រោះថាកម្ពុជាក៏មានប្រវត្តិក្នុងការឆ្លងកាត់ ដែលបានធ្វើការចែករំលែកបទពិសោធន៍ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។
សភាកម្ពុជាបានចូលរួមជាផ្លូវការក្នុងបណ្តាញសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពកាលពីខែកក្កដា ឆ្នាំ២០២២ នៅប្រទេសម៉ារ៉ុក៕ ដោយ៖ កន ចំណាន