នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឲ្យ លោក MASAHIRO Sano ប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
លោកអនុប្រធានទី២រដ្ឋសភា មានសេចក្តីសោមនស្សរីករាយដែល លោក Sano ប្រធានអង្គការ អញ្ជើញមកជួបសំណេះសំណាល រំលឹកអនុស្សាវរីយ ដែលធ្លាប់បានធ្វើកិច្ចសហការជាមួយគ្នារយះពេលជាង១៥ឆ្នាំ ក្នុងពេលដែលឯកឧត្តម វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានអង្គការដែលបានជួយកង់យ៉ាងច្រើន ជាងបីម៉ឺនគ្រឿងដល់កុមារ ពិសេសសិស្សានុសិស្សក្រីក្រនៅទីជនបទតាមបណ្តាខេត្ត។
តាមគោលដៅអង្គការកុគីសៃ មានបំណងជួយកង់៥ម៉ឺនគ្រឿងដល់កុមារកម្ពុជា ដើម្បីឲ្យទទួលបានដូចកាលជួយរបស់គាត់នៅក្នុងប្រទេសជិតខាង។ តែដោយពិភពលោកទទួលរងនូវវិបត្តិជំងឺកូវីដ និងបញ្ហាមួយចំនួន ទើបអង្គការនេះខកខានមិនបានសម្រេចគោលដៅ។ លោក Sano ប្រធានអង្គការនឹងខិតខំបន្ថែមទៀត ដើម្បីជួយសម្រេចគោលដៅនេះ។
លោក វង សូត ក៏បានសន្យាថា នឹងជួយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងដៃគូ និងអង្គការកុគីសៃនេះបន្តទៀត ដើម្បីបន្តកិច្ចសហការជួយដល់កុមារ និងសិស្សានុសិស្សក្រីក្រកម្ពុជាថែមទៀត។
សូមជម្រាបថា អង្គការកុគីសៃ KJO ជប៉ុន បានជួយកង់យ៉ាងច្រើនដល់កុមារកម្ពុជា ពិសេសកុមារ និងសិស្សានុសិស្សក្រីក្រនៅជនបទតាមបណ្តាខេត្ត គឺចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ដែលលោក Masahiro Sano បានផ្តល់មកកម្ពុជា ចំនួន៧៩លើក ស្មើនឹង ៣០,៥៣០កង់ ៕