ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន៖ ការចូលរួមគណៈប្រតិភូ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ (IPTP) គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមរបស់គណៈប្រតិភូទាំងដែលចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) អស់គឺជាវិភាគទានដ៏សំខាន់ដើម្បីឱ្យធម្មនុញ្ញសន្តិភាពឈានឆ្ពោះទៅមុខ។ នេះបើតាមការឱ្យដឹងបន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសនានាចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោក លោកជំទាវទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗ រួមមាន អារ៉ាប់ អាម៉េរិកឡាទីន អាហ្វ្រិកនិងអឺរ៉ុប មកចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នៅកម្ពុជានាពេលនេះដើម្បីរួមគ្នាអនុម័តទៅលើធម្មនុញ្ញសន្តិភាពដែលបានរៀបចំតាក់តែងនិងចុះហត្ថលេខានៅទីក្រុងភ្នំពេញនាពេលនេះ។ សម្ដេចតេជោក៏បានរម្លឹកអំពីអនុស្សាវរីយ៍នានាដែលសម្ដេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសជាមិត្ត រួមមានដូចជាប្រទេសអាហ្វ្រិកតំបន់អឺរ៉ុបអារ៉ាប់ ប្រទេសអេត្យូពីនិងបណ្ដាប្រទេសមួយចំនួនទៀតនាពេលកន្លងទៅ ដែលជាដៃគូក្នុងការរៀបចំឱ្យមានធម្មនុញ្ញសន្តិភាពនាពេលនេះ។

សម្ដេចតេជោ បានបញ្ជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ដែលយើងជាប្រទេសកំពុងអភិវឌ្ឍត្រូវបញ្ចេញសំឡេងរបស់ពួកយើង ដោយសារសភាពការណ៍ពិភពលោកកាន់តែមានភាពស្មុគស្មាញនិងពិបាកប៉ាន់ស្មាន ប្រកបដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការអនុវត្តនយោបាយគាំពារនិយម ដាក់ទណ្ឌកម្មដែលទាមទារឱ្យសកលលោកត្រូវតែធានាថាសំឡេងរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍត្រូវបានគេយកចិត្តទុកដាក់ ដូច្នេះ ការចូលរួមរបស់គណៈប្រតិភូទាំងអស់គឺជាវិភាគទានដ៏សំខាន់ ដើម្បីឱ្យធម្មនុញ្ញសន្តិភាពនេះឈានឆ្ពោះទៅមុខ។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់លោកប្រធានរដ្ឋសភាវៀតណាមដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមនៅក្នុងកិច្ចប្រជុំសំខាន់ៗនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានថ្ងៃនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍រៀបរាប់អំពីការផ្លាស់ប្ដូរនិងការវិវត្តរបស់ប្រទេសកម្ពុជាចាប់តាំងពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលពីមុននោះទីក្រុងភ្នំពេញមិនមានមនុស្សរស់នៅនោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះទីក្រុងភ្នំពេញមានមនុស្សរស់នៅយ៉ាងច្រើនកុះករនិងមានសំណង់អគារខ្ពស់ៗរីកដុះដាលជាច្រើន។

សម្ដេចតេជោក៏បានរៀបរាប់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីការរៀបចំរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានដឹក នាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះដែលបានដំណើរការទៅមុខយ៉ាងរលូនហើយនៅក្នុងអាណត្តិថ្មីនេះជាលើកទីមួយហើយដែលយើងមានស្ត្រីជាប្រធានរដ្ឋសភា។

លោកប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាចំពោះការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់ដែលអញ្ជើញមកពីបណ្ដាប្រទេសនានានៅពេលនេះ។ លោកបានបន្តថា យើងទាំងអស់គ្នានឹងចុះហត្ថលេខាលើ«ធម្មនុញ្ញសន្តិភាព»ហើយលោកពិតជាមានកិត្តិយសដ៏ធំធេង ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះ។ លោកមើលឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយប្រកបដោយវប្បធម៌ដ៏ផូរផង់។លោកបានបញ្ជាក់ថា បណ្ដាប្រទេសយើងកំពុងអភិវឌ្ឍនេះគឺស័ក្តិសមនឹងរស់នៅក្នុងសុខសន្តិភាពនៅលើភពផែនដីដ៏ស្រស់ត្រកាលនេះ៕ ដោយ៖ ជឹម ណារី