បន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្រៀន ក្នុងឆ្នាំ ១៩៩៥ លោក Jack Ma មានឱកាសទៅទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ហើយត្រូវបានគេនាំឲ្យស្គាល់ពីអ្វីទៅជាអ៊ីនធឺណិត។ លុះវិលមកដល់ស្រុកកំណើតលោកក៏បានបង្កើតអាជីវកម្មលើអ៊ីនធឺណិតឈ្មោះឲ្យ China Pages ប៉ុន្តែលោកត្រូវរងសម្ពាធពីការទាមទារឲ្យបណ្ដាក់ទុនជាមួយ China Telecom រហូតធ្វើក្រុមហ៊ុនទាំងមូលបាត់បង់តុល្យភាព និងត្រូវបរាជ័យ។
ភាពអត់ធ្មត់នៅជាប់ក្នុងចិត្តជានិច្ចបានជំរុញឲ្យលោក Ma ក្រោកឈរម្តងទៀតនាឆ្នាំ ១៩៩៩ ហើយបានហៅមិត្ត ១៧ នាក់ មកពិភាក្សាក្នុងបន្ទប់ជួលមួយ ដើម្បីបង្កើតអាជីវកម្មលក់ទំនិញលើ Online។
គ្រាននោះហើយដែល Alibaba.com បានលេចវត្តមាន ដែលអនុញ្ញាតឲ្យបណ្តាអ្នកលក់ អាចធ្វើការបង្ហោះចេញនូវទំនិញរបស់ខ្លួន ហើយអតិថិជនអ្នកទិញមានសិទ្ធិធ្វើការស្វែងរកយ៉ាងធំទូលាយ។ សំណាងល្អក្នុងខែតុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុនក៏ទទួលបានការវិនិយោគ ៥លានដុល្លារពីក្រុមហ៊ុន Goldman Sachs និង ២០លានដុល្លារពីធនាគារ SoftBank ដែលមានគោលដៅចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។
ភាពជោគជ័យត្រូវបានបង្ហាញទៅកាន់ពិភពលោក ហើយធ្វើឲ្យក្រុមហ៊ុនមួយនេះចាប់ផ្តើមពង្រីកសាខាទៅជាគេហទំព័រ Taobao មួយបន្ថែមទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុនបរទេស eBay ដែលព្យាយាមវាយលុកទីផ្សារប្រទេសចិន។
រហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ សម្ព័ន្ធរបស់ Alibaba ក៏ផ្តួល eBay បានសម្រេច ហើយមកទល់បច្ចុប្បន្នក៏ក្លាយជាគេហទំព័រមួយក្នុងចំណោម ២០ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិភពលោក រួមបញ្ចូលទាំង Alibaba, Tmall ផងនោះ។
ប៉ុន្តែដល់ឆ្នាំ ២០១៣ លោក Jack Ma បានដើរចេញពីតំណែង CEO ហើយឲ្យលោក Johnathan Lu ឡើងជំនួស គ្រានោះលោកថា “វាងាយស្រួលទេសម្រាប់ខ្ញុំក្នុងការលាឈប់ពី CEO ប៉ុន្តែក្នុងការក្លាយជាប្រធានធំដ៏ល្អម្នាក់ ពេលខ្លះយើងក៏សំបូររឿងរវល់ជាង CEO ទៅទៀត”។
Alibaba Group កាលពីឆ្នាំ២០១៧ កន្លងទៅរកចំណូលបាន ២៣,៨២ប៊ីលានដុល្លារ ហើយមានបុគ្គលិកសរុបជាង ៥ម៉ឺននាក់ ដោយចែកជាសម្ព័ន្ធដៃគូប្រហែល ១០ក្រុមហ៊ុនជុំវិញពិភពលោក។ ពាក្យស្លោកមួយរបស់ក្រុមហ៊ុនបានកំណត់ថា “ដើម្បីទទួលបានភាពងាយស្រួល គឺជាការធ្វើអាជីវកម្មគ្រប់ទីកន្លែង”៕