(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដែលតំណាងដោយលោក Vernon Little ជាប្រធានសមាគម ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបពិភាក្សានេះផងដែរ លោក Vernon Little បានលើកពីក្ដីព្រួយបារម្ភអំពីបញ្ហានៃការចរាចរផលិតផលបារីក្លែងក្លាយ ដែលធ្វើឱ្យប៉ះបាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការខាតបង់នូវសេដ្ឋកិច្ចដែលជះឥទ្ធិពលលើជាតិទាំងមូល។ ថ្លែងក្នុងជំនួបពិភាក្សា លោក ផាន អូន បានលើកឡើងថាការទប់ស្កាត់បញ្ហាបារីក្លែងក្លាយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធនានា ទាំងការទប់ស្កាត់ការនាំចូលតាមមាត់ច្រក ការបោសសម្អាតនៅតាមបណ្ដាទីផ្សារ ការយល់ដឹងពីអ្នកប្រើប្រាស់ ក៏ដូចជាកិច្ចសហការពីក្រុមហ៊ុនម្ចាស់ម៉ាកដែលនាំចូលបារី។ លោកបានបន្តថាភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នាយ៉ាងសកម្មដើម្បីកាត់ផ្ដាច់នូវបណ្ដាញចែកចាយបារីខុសច្បាប់។ ជាកិច្ចបញ្ចប់ លោកក៏បានបន្តថា អគ្គនាយកដ្ឋាន ក.ប.ប. តែងតែចូលរួមផ្ដល់កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងការចរាចរទំនិញក្លែងក្លាយនៅលើទីផ្សារកម្ពុជា៕