ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាពប្រកួតប្រជែងនៅកម្ពុជា។ ចំណែកកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង កំពុងដំណើរនេះ គឺពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយ បរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។
ជុំវិញគម្រោងខាងលើ, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា លើកឡើងថា «កម្មវិធី នេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវ កម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្ដោត លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ សហគ្រាសគោលដៅមួយចំនួន ដោយ ADB មានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀត ចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។
ចំពោះឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបី ដែលបង្កជាបញ្ហាប្រឈមធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមាន បរិយាកាស សម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និងរបាំងមួយ ចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ កត្តាទាំងនេះបានកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ច ពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើក កម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ បញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ភាពក្រីក្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី