ភ្នំពេញ:យោងតាមលិខិតជូនដំណឹង តាមរយ:លោកមេធាវី ទិត សាវុឌ្ឍ ជាតំណា ងដោយអាណត្តិពីឈ្មោះ យ៉ង់ សារឹម ជាជនរងគ្រោះនិងជាដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់ថា សូមទូលថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្តីពីការស្នើសុំទូទាត់សងប្រាក់ត្រឡប់មកវិញនូវទឹកប្រាក់ចំនួន ១៣៣,៥៦៤.៩១ដុល្លារ (មួយរយសាបសិបបីពាន់ប្រាំរយហុកសិបបួនដុល្លារកៅសិបមួយសេន) ។
លិខិតខាងលើឲ្យដឹងទៀតថា លោក យ៉ង់ សារីម ជាជនរងគ្រោះនិងជាដើមបណ្តឹងរដ្ឋប្បវេណី បានពឹងពាក់ និងប្រគល់សិទ្ធិតំណាងឱ្យទូលបង្គំ ដើម្បីការពារសិទ្ធិនិងតំណាងឱ្យគាត់ ក្នុងការទាមទារប្រាក់ដែលបានចំណាយនិងផ្តល់ ឱ្យគណបក្សហ៊្វុនស៊ិនប៉ិចធ្វើសកម្មភាពពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២៤ ដោយទទួលបានជាប់ជាតំណាងរាស្ត្រចំនួន ០៥ អាសនៈ រាជធានី/ខេត្ត នីតិកាលទី៧ នៃរដ្ឋសភាជាតិឆ្នាំ២០២៣ ព្រមទាំងទទួលបានការងារផ្តល់ឱ្យថ្នាក់ដឹកនាំ ក្លាយជាទីប្រឹក្សាររដ្ឋសភា។
លើសពីនេះ សមាសភាពគណកម្មការរៀបចំការបោះឆ្នោតនិងក្រុមការងារពិគ្រោះនិងផ្តល់យោបល់របស់រាជ រដ្ឋាភិបាល ចំណែកកូនក្តីទូលបង្គំខ្ញុំឈ្មោះ យ៉ង់ សារីម បានទទួលត្រឡប់តបស្ន ងមកវិញនូវក្រដាស់មួយសន្លឹកដែលចែង ថា សេចក្តីសម្រេចស្តីពីការបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប៉ុណ្ណោះ។
ដោយហេតុថា ការដឹកនាំនិងការសម្រេចចិត្តរបស់ ព្រះអង្គម្ចាស់ប្រធានគណបក្ស បានធ្វើឱ្យកូនក្តីទូលបង្គំខ្ញុំពុំទទួល បានតម្លៃតបស្នងនៃបំណុលនយោបាយ។ ហេតុដូច្នេះ កូនក្តីទូលបង្គំខ្ញុំស្នើសុំទូទាត់សងប្រាក់ដែលបានផ្តល់ជូនគណបក្សត្រឡប់មកវិញដូចមានចំនួនក្នុងកម្មវត្ថុខាងលើ ចាប់ពីថ្ងៃចេញលិខិតជូនដំណឹងរហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី៧ខែឆ្នូនេះបានព្យាយាមទាក់ទងនិង លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច ប៉ុន្តែមិនមានការឆ្លើយតបទេ។
ទោះយ៉ាងណា លោក យ៉ង់ សារីម ជាជនរងគ្រោះនិងជាដើមបណ្តឹងរដ្ឋប្បវេណីបានទទួលថ្វាយថា សេចក្តីដូចបានទូលថ្វាយខាងលើនេះ ទូលបង្គំខ្ញុំសូម ព្រះអង្គម្ចាស់ ប្រធានគណបក្ស មេត្តាពិនិត្យនិង សម្រេចតាមសំណើដូចបានទូលថ្វាយដោយសេចក្ដីអនុគ្រោះ និងដោយការទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា លោក យ៉ង់ សារីម
គាត់មានអតីតជា ទីប្រឹក្សារាជរដ្ឋាភិបាល ,តំណាងរាស្រ្ត , ប្រធានក្រុមការងារបោះឆ្នោតខេត្ត និងជាសមាជិកគណៈកម្មាធិការនាយក គណបក្ស funcinpec ផងដែរ។