ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC), លោក Pius Frick តំណាងភ្នាក់ងារលីចតេស្ទីន (LED) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ លោក លោកស្រី តំណាងលោក/លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមសណ្ឋាគារកម្ពុជា ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ១៥០រូប។

ក្នុងពិធីដ៏អធិកអធមនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង HoKa ដែលបានខិតខំយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធប្រកកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ដោយបានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី១ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម មានឯកសារបណ្តុះបណ្តាលស្តង់ដាច្បាស់លាស់ ព្រមទាំងមានធនធានគ្រូបង្គោលល្អៗប្រកបដោយសមត្ថភាពខ្ពស់។