ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាស ដើម្បីក្លាយជា មូលធនមនុស្ស ដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ។នេះ គឺជាការគូស បញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួម របស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតប្រមាណជិត ២០០ អង្គ/នាក់។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា យុវជនសម័យបច្ចុប្បន្នមានសំណាងជាងរៀមច្បងជំនាន់មុនឆ្ងាយណាស់។ ពួកគេមិនត្រឹមតែរស់នៅក្នុងសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសគ្រប់បែបយ៉ាង ក្នុងការសិក្សា។ ជាក់ស្តែង សាលារៀនមាននៅគ្រប់ទិសទី តាំងពីថ្នាក់មតេយ្យសិក្សា បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។ ដូច្នេះ នៅសល់តែក្មួយៗ ជាយុវជនខ្លួនឯង ដែលត្រូវខិតខំ ចាប់យកឱកាសដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត ហើយចេះឱ្យប្រាកដ ចេះទាំងជំនាញរឹង និងជំនាញទន់ មានសីលធម៌ល្អ និងសុខភាពល្អ ។លោក ប៉ែន បូណា ក៏បានកត់សម្គាល់ទៀតថា និស្សិតដែលរៀននៅពុទ្ធិកសាកលវិទ្យាល័យប្រាកដជា មានឱកាសច្រើនជាងសាកលវិទ្យាល័យឯទៀត ក្នុងការទទួលបានការអប់រំផ្នែលសីលធម៌ ដោយសារកម្មវិធីសិក្សាមានបញ្ចូលការ អប់រំបែបពុទ្ធចក្រ ។ សីលធម៌គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ។
សូមបញ្ជាក់ថា បាឋកថានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សមណនិស្សិត និស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា និងលើកទឹកចិត្តសមណនិស្សិត និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្ស ដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ នៃរដ្ឋសភា រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់៕