ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​​ពាណិជ្ជក​ម្ម​ផ្ស​ព្វផ្សាយសក្តានុពល​វិនិយោគ​កម្ពុជា​ដល់ធុរជនចិន

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន​ផ្សព្វផ្សាយអំពីកាលា​នុវត្ត​ភាពនិងសក្តានុពលវិនិយោគរបស់កម្ពុជាដល់សហគមន៍ធុរកិច្ចខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗ​បន្ថែមទៀតពីប្រទេស​សំ​ដៅ​បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា​-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុងសិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូ​ណាន) ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «South & Southeast Asia Commodity​ and Investment Fair (SSACEIF)» នៅ​​​ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួន ដារ៉ា បានបង្ហាញវិនិយោគិននិងធុរជន​ចិនអំពីវឌ្ឍនភាពនៃកំណើន​សេដ្ឋ​កិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយា​កាសធុរ​កិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម​នៅក្នុងប្រទេសកម្ពុជា។

លោក​​រដ្ឋលេខាធិការក៏បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់​ៗរបស់​ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការ​ធុរកិច្ចរបស់ផ្នែក​ឯកជន សំ​ដៅ​ពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រ​​កួ​​ត​ប្រជែងរបស់កម្ពុជា នៅលើឆាក​អន្តរជាតិ ជាពិ​សេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេសលើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

លោក ឈួន ដារ៉ា បានគូសបញ្ជាក់ថា​​«យើងបានកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បី​ជួយដល់វិស័យឯកជន ដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ, ធ្វើប្រតិភូកម្ម​សេ​វា CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ, រំកិលទីតាំងឈរ​ជើងរបស់មន្ត្រីកាំកុងត្រូល និង​ដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយជាដើម! ដូច្នេះ សូមអញ្ជើញមក​វិនិយោគនៅ​កម្ពុជា»។

សិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរព័ត៌មាននិងផ្តល់ឱកាស​ដល់វិនិយោ​គិន​ចិន បានស្វែងយល់អំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅតាមប្រ​ទេស​​នានា​ក្នុងពិភពលោរួមទាំងកម្ពុជា ដែលជាប្រទេសកិត្តិយស​​សម្រាប់ព្រឹត្តិ​ការណ៍​ពិព័រណ៍ SSACEIFនៅក្នុងឆ្នាំនេះ។

ចំណែក ​លោក យ៉ន សុវណ្ណ សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជានិងជានាយក​ក្រុមហ៊ុន​​ Bayon Cereal បានលើក​ឡើងថា ​ក្រុមហ៊ុន​លោកបាន​យក​​អង្ករ​ក្រអូប​កម្ពុជាទៅចូល​រួម​​ពិព័រណ៌​នោះផងដែរ ហើយ​កម្ម​​វិធីនេះ​​​នឹងជួយ​ជំរុញការ​​បង្កើន​កេរ្តិ៍ឈ្មោះ​​​​​ផលិត​ផល​ខ្មែរ ដោយសារតែចិន​ជាទីផ្សារដ៏ធំ​​​​​​។​​

​លោក​បា​នបន្ថែមទៀតថា ​ក្រុមហ៊ុន​​ដទៃទៀត​​ផ្នែកកសិកម្ម ​​​និងសហគ្រាស​គួរតែចូលរួម​​​ពិព័រណ៌​នេះ​នៅឆ្នាំ​​​ក្រោយៗ ទៀត ដោយសារតែកម្ពុជាមាន​កសិផលច្រើន ​​​ដែលអាច​ផ្សព្វ​ផ្សាយ​និង​​​លក់នៅលើ​​​ទីផ្សារ​​ចិន​​ផង​​​ដែរ។​​

យោងតាមក្រសួងពាណិជ្ជកម្ម​ពិព័រណ៌​នៅទីក្រុងគុនមីង សម្ភោធជាផ្លូវការពីថ្ងៃទី១២ ដល់​​ថ្ងៃ​​​ទី១៨ ខែមិថុនា២០១៩​​​ ដែលកម្មវិធីនេះ រំពឹងថា ​​​នឹង​​​​​​​​​ជំរុញការ​​​ផ្សព្វផ្សាយ​អំពី​ផលិត​ផលកម្ពុជា និងសក្តានុពលវិនិយោគក្នុងប្រទេ​សកម្ពុជាទៅកាន់​ភាគីចិន​និង​ស្នើ​ដល់អ្នកវិនិយោគគិននិងពាណិជ្ជករចិន ព្រមទាំងបណ្តាប្រ​ទេសដែលបាន​ចូលរួមទាំង​អស់ ឱ្យ​​​មកបើកដំណើរការក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា។​​​

យោងតាម​​​មន្រ្តី​​ក្រសួងពាណិជ្ជកម្មបង្ហាញថា ​​​​​​កម្ពុជាបាន​យកស្តង់​​ជាង៤០ ចូលរួម​​ដាក់​តាំងបង្ហាញ​​ក្នុង​​​ពិព័រណ៌​​នាទី​ក្រុងគុន​មីងប្រទេសចិន​​​​​ហើយក្នុងនោះនឹង​មានដាក់​តាំង​​ពន្លាជាតិមួយផងដែរដើម្បី​​​បង្ហាញពី​​​សក្តានុពល​កម្ពុជា​​​ផងដែរ​​។