កាលពីដើមសប្តាហ៍នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ។
ជំនួបដ៏កម្រនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសមស្រប ក្នុងគោលបំណងធានាបានសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត។ រាប់ថានេះគឺការបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅមុខដើម្បីគាំពារសុខុមាលភាពសង្គមនៅកម្ពុជា។
ជំនួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាព្វផ្សាយពាណិជ្ជកម្មនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព។ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការលើកកម្ពស់ទីផ្សារគ្រឿងស្រវឹងប្រកបដោយ ការទទួលខុសត្រូវ និង សុខភាពសាធារណៈ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញតំណាងក្រុមហ៊ុនផលិតស្រាបៀរនិងចែកចាយស្រាបៀរ HEINEKEN, CAMBREW, WSBIDA, APISWA ចូលរួមចុះហត្ថលេខា «ក្រមប្រតិបត្តិសម្រាប់ការ ធ្វើ ទីផ្សារ និង ការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿងស្រវឹងនៅ ព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ ទាក់ទងការផ្សាយគ្រឿងស្រវឹង ត្រូវគោរពគោលការណ៍ ៤ ចំណុចសំខាន់ៗ ចំពោះការផ្សាយតាមសោតទស្សន៍ដូចជា ហាមការបង្ហាញការទទួលទានគ្រឿងស្រវឹងលើឆាក ហាមពិធីករ ពិធីការិនី និង សិល្បករ សិល្បការិនី ឬអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ឡើងឆាកបង្ហាញការគាស់ក្រវិលកំប៉ុង និង ជំរុញអ្នកដទៃអោយទទួលទានគ្រឿងស្រវឹង ។
ជាការគាំទ្រដល់ការគាំពារសុខុមាលភាពសង្គមនៅកម្ពុជានេះដែរ កាលពីថ្ងៃទី៨ ខែកក្កដា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ពិនិត្យសើរើមើលឡើងវិញនូវរាល់ឯកសារដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត និងលក់ចែកចាយគ្រឿងស្រវឹង ដើម្បីឈានទៅបិទបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈនៅទូទាំងប្រទេស ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គោលដៅនៅក្នុងការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ នេះ គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយគ្រឿងស្រវឹងព្រោងព្រាតគ្រប់ច្រកល្ហកនាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។
លោក ក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុ ដូចបច្ចុប្បន្ននេះបានឡើយ។
ជាការរួមចំណែកដល់ចលនារក្សាសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្លូវសាធារណៈនេះដែរលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តើមគំនិតបង្កើតប៉ាណូដែលផ្សាយអំពីគោលការណ៍«ឆន្ទៈល្អ» ដើម្បីផ្លាស់ប្តូរឥរិយាបថ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។
ស្របគ្នានឹងការរក្សាសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជកម្មស្រាបៀរតាមផ្លូវសាធារណៈ និងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនេះ សម្ដេចបវរធិបតី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងនេះ ក៏បានប្រកាសជាសាធារណៈបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ ដែលផលិតសម្រាប់ការចែកចាយនៅក្នុងស្រុកទៀតផង។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការទទួលទានគ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញឱ្យសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និង ការឆ្លងមេរោគអេដស៍ ជាដើម៕ អត្ថបទ ៖ ពេជ ប៊ុនរ៉ា MoINFO APP