ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព

លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព តាមប្រព័ន្ធនិមិ្មត Zoom។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

១. ដើម្បីបង្ហាញអំពីសាវតារបស់គម្រោង “អ្នកសម្អាតជួរមុខ”

២. ដើម្បីផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទំាសុខភាព។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការសម្អាតបរិស្ថានក្នុងការបង្ការជំងឺឆ្លង និងបង្កើនសុវត្ថិភាពនៅក្នុងមូលដ្ឋានសុខភាព ព្រមទាំងបានធ្វើការសរសើរពីកិច្ចសហការរវាងក្រសួងសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការវ័តធឺអេតកម្ពុជា ក្នុងការអនុវត្តការសម្អាតបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា។លោកសាស្រ្តាចារ្យបានគូសបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ និងផ្តល់សេវាសុខភាពជូនប្រជាជន។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់មន្ត្រី និងសិក្ខាកាមទាំងអស់ដែលបានចូលរួម សូមយកកម្មវិធីបណ្តុះបណ្តាលកម្រិតមូលដ្ឋាន ស្តីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពទៅប្រើប្រាស់ និងបណ្តុះបណ្តាលដល់ក្រុមការងារឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

នៅក្នុងអង្គសិក្ខានោះផងដែរ ការមានធ្វើបទបង្ហាញលើប្រធានបទ “កម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការសម្អាតបរិស្ថាន នៅក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព” ដែលផ្តោតសំខាន់លើគោលបំណងចំនួន ៣ រួមមាន ១) សាវតារបស់គម្រោង អ្នកសម្អាតជួរមុខ ២) ចំនុចសិក្សាមេរៀនបទពិសោធន៍ ពីការអនុវត្តគម្រោងអ្នកសម្អាតជួរមុខ ៣) កម្មវិធីបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពី ការសម្អាតបរិស្ថានក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ បានសហការណ៍រៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការវ័តធឺអេតកម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក ទាំង ២៥ រាជធានី-ខេត្ត និងតំណាងដៃគូអភិវឌ្ឍ គ្រូឧទ្ទេស មន្ត្រីសម្របសម្រួលមកពីនាយកដ្ឋានមន្ទីរពេទ្យ មន្រ្តីសម្របសម្រួលមកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលោក លោកស្រីដែលជាបុគ្គលិករបស់អង្គការវ័តធឺអេត សរុបប្រមាណជា ២០០នាក់ តាមប្រព័ន្ធនិមិត្ម Zoom៕