ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្ងៃឆ្លងឆ្នាំ មានរថយន្តចូលឆ្លងកាត់ផ្លូវល្បឿនលឿន ជាង២ម៉ឺនគ្រឿង ខណៈដែរករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣ករណី

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាពនៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥នេះ។

យោងតាមទិន្នន័យបានបញ្ជាក់ថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២១.៥៦៦គ្រឿង ខណៈនៅច្រកចេញមានចំនួន ២១.៥៨៧គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី (គ្មានអ្នកស្លាប់ និងរបួសទេ)។

ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២៧.១៦២គ្រឿង ខណៈនៅច្រកចេញមានចំនួន ២៨.៥០២គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី របួសម្នាក់ និងគ្មានករណីស្លាប់ទេ។

លោកបានឱ្យដឹងថា ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤-០១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍មានការធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋ កាន់តែមានជម្រើសច្រើនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តតំបន់មាត់សមុទ្រទិសនិរតី រួមទាំងផ្លូវជាតិលេខ៤ ត្រូវបានស្តារ និងលើកកម្រិតគុណភាពកាន់តែប្រសើរ និងជិតរួចរាល់។ ដោយឡែកទីកម្សាន្តមួយចំនួនទៀតក្រៅពីខេត្តព្រះសីហនុ ដូចជាកំពត និងកែប ជាដើម ក៏មានផ្លូវធ្វើដំណើរកាន់តែស្រួល និងឆាប់រហ័ស ដូចជា៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តែងអំពាវនាងដល់អ្នកបើកបរទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន។ ការពារសុវត្ថិភាពអាយុជីវិតអ្នក និងដទៃសូមបើកបរដោយទំនួលខុសត្រូវ៕ ដោយ៖ កន ចំណាន