ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ត្រូវបានតែងតាំងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញសារគោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងតួនាទីដល់រូបលោក ដើម្បីមានឱកាសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។
នៅចុងឆ្នាំ២០២៤ អ្នកឧកញ៉ា ក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ សូមថ្លែងអំណរគុណដល់សម្តេចតេជោ សម្តេចធិបតី និងលោកអភិសន្តិបណ្ឌិត ស សុខា ដែលបានតែងតាំងតួនាទីដល់រូបលោក អាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។
អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះសារថ្លែងអំណរគុណលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះយ៉ាងដូច្នេះថា៖ “ខ្ញុំបាទសូមគោរពអំណរអរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចពុក និងលោកអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្នុងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការទុកចិត្តដល់រូបខ្ញុំបាទ ដើម្បីអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល នេះជាជាកាដូដើមឆ្នាំ២០២៥ ក្រៅពីអាជីវកម្មថ្មីបន្ថែម” ៕