លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះ លោក សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានវាយតម្លៃថា ក្នុងរយៈពេលពេញមួយខែធ្នូ ឆ្នាំ២០២៤ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹម ដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពនៅគ្រប់មូលដ្ឋាន៕ អត្ថបទ ៖ នឿត សុភ័ក្រ្ត មន្ទីរព័ត៌មានខេត្តបាត់ដំបង