ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ ភាគរយ

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះថា គិតត្រឹម​ដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់​ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ ភាគរយហើយ បន្ទាប់ពី​សម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែង​សរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧​ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។សំណង់ស្ពានថ្មីសន្លាងនេះស្ថិតក្នុងភូមិសាស្រ្ត​ខណ្ឌច្បារ​អំពៅ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាស្រ័យដោយការរីចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ បច្ចុប្បន្នរាជ​ធានីមានស្ពានឆ្លងកាត់ទន្លេសាប ទន្លេបាសាក់​ចំនួន​៦(មិនគិតស្ពានឆ្លង​ទន្លេបាសាក់-ចាក់អង្រែក្រោម) និងស្ពានអាកាសចំនួន៩ (មិនគិតស្ពាន​អាកាស​ក្បាលថ្នល់មួយទៀត​ដែលកំពុងសាងសង់)៕ ផ្សាយ៖ កន ចំណាន