ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គយកម្ពុជា និងគយចិន បង្កើតយន្តការរួមគ្នាទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែន

ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រជុំទ្វេភាគីជាមួយ លោក Hu Wei អនុរដ្ឋមន្រ្តីនៃរដ្ឋបាលគយចិន ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គុណ ញឹម បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងស្អិតរមួតជាប្រវត្តិសាស្រ្តទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ បច្ចុប្បន្ន ប្រទេសចិនជាដៃគូរពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយក៏ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ។ លើសពីនេះទៀត ប្រទេសចិនក៏ជាប្រទេសដែលផ្តល់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ។

លោកបណ្ឌិត ក៏បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រចំនួន ០៨ គ្រឿង ហើយបច្ចុប្បន្នកំពុងប្រើប្រាស់នៅតាមមាត់ច្រកសំខាន់ៗ និងបានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ នេះជាការចូលរួមជំរុញបន្ថែមទៀតដល់កិច្ចសម្រួលពាណិជ្ជកម្មផងដែរ ។

លោក Hu Wei បានមានប្រសាសន៍ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ជាពិសេសផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរ រដ្ឋបាលគយនៃប្រទេសទាំង២ ត្រូវជំរុញកិច្ចសហប្រតិបត្តិការណ៍ឲ្យកាន់តែជិតស្និទថែមទៀត ។

ហើយអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការណ៍ជួយគ្នាទៅវិញទៅមកនេះក្នុងកិច្ចការគយ គឺជាសក្ខីភាពនៃជំហានថ្មីនៃទំនាក់ទំនងកាន់តែល្អប្រសើររវាងរដ្ឋបាលគយនៃប្រទេសទាំង២ ។

ការអនុវត្តកម្មវិធីកែទម្រង់និងទំនើបកម្មនៅក្នុងរដ្ឋបាលគយនៃប្រទេសទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម ៖
• បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរទិន្នន័យស្ថិតិ និងព័ត៌មានសម្ងាត់
• បង្កើតយន្តការរួមគ្នាលើការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែន
• សហការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ
• រដ្ឋបាលគយចិននឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីគយកម្ពុជា
• គយកម្ពុជាត្រៀមខ្លួនចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)
• ដើម្បីបង្កើតយន្តការសហប្រតិបត្តិការណ៍គយក្រោមក្របខ័ណ្ឌ ឡាងឆាង-មេគង្គ រដ្ឋបាលគយចិននឹងរៀបចំសេចក្ដីព្រាង TOR ហើយរដ្ឋបាលគយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនេះ និងត្រៀមខ្លួនផ្ដល់ធាតុចូលលើ TOR នោះ
• រដ្ឋបាលគយទាំង២នឹងបន្តចូលរួមយ៉ាងសកម្មក្នុងគម្រោង “ប្រតិបត្តិការណ៍រួមគ្នា” (Joint Operations) ដែលរៀបចំឡើងដោយអង្គការគយពិភពលោក (WCO) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងការពង្រឹងសន្តិសុខក្នុងតំបន់ និងសកលលោកជាដើម ៕