ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃឹម ហ្វីណង់៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ផ្ទៃដីធ្វើស្រែក្នុងខេត្តពោធិ៍សាត់ កើនឡើង

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា ពីរទៅបីឆ្នាំចុងក្រោយនេះ ផ្ទៃដីផលិតកម្មស្រូវក្នុងខេត្តពោធិ៍សាត់បានកើនឡើងគួរឱ្យកត់សម្គាល់ពីជាង១៥០ ០០០ហិកតា រហូតដល់ជិត ២០០ ០០០ហិកតា បើគិតត្រឹមដំណាច់ឆ្នាំ២០២៤ ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងទិសដៅបន្តសម្រាប់ ឆ្នាំ២០២៥ នៅចុងសប្តាហ៍កន្លងទៅនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកខេត្តពោធិ៍សាត់ ឯកឧត្តម ឃឹម ហ្វីណង់ បានណែនាំឱ្យមន្ទីរព្យាយាមចងក្រងបងប្អូនកសិករដែលធ្វើផលិតកម្មស្រូវប្រាំងនៅលើតំបន់ដែលមានភាពប្រថុយប្រថានខ្ពស់ទាំងនោះ ឱ្យទៅជាសហគមន៍កសិកម្មទំនើប និងរៀបចំជាផែនទីតម្រង់ទិសឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង ផ្សព្វផ្សាយ ក៏ដូចជាត្រៀមផែនការអន្តរាគមន៍ក្នុងករណីចាំបាច់។

លោកអនុរដ្ឋលេខាធិការបានបន្តថា មួយផ្នែកធំនៃកំណើនផ្ទៃដីធ្វើស្រែនេះកើតចេញពីការពង្រីកផលិតកម្មស្រូវរដូវប្រាំងនៅលើផ្ទៃដីស្រូវរដូវវស្សា ដែលក្នុងនោះមានជិត ២០ ០០០ ហិកតា ត្រូវបានធ្វើនៅលើតំបន់ដែលងាយរងហានិភ័យពីការខ្វះខាតទឹក និងប្រឈមនឹងជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ ព្រមទាំងបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធធារាស្ត្ររបស់យើងដែលមានស្រាប់៕ ដោយ ណយ នឿន​AKP