នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ លោកបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ លោកក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។
សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចបវរធិបតី និងលោករដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ឌីជីថល សហគ្រាសធុនតូច និងមធ្យម (SMEs) ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕