(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគ.ត.ផ.ហ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ ដើម្បីបន្តនូវនិរន្តភាពបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងដំណើរការតួនាទីភារកិច្ចរបស់ខ្លួន កិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន ២រួមមាន៖ ១- ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ស្របតាមខ្លឹមសារលិខិតលេខ ១៨០២ សជណ.ពទ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីករណីរបាយការណ៍ ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»។ ២- ពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។
ជាលទ្ធផល លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានគ.ត.ផ.ហ.ក. បានឯកភាពលើកិច្ចពិភាក្សា និងប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋាន នៃគ.ត.ផ.ហ.ក. រៀបចំសិក្សាបន្ថែមលើការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាឡើងវិញ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់ គ.ត.ផ.ហ.ក. សម្រាប់ឆ្នាំ២០២៥នេះ ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» នាពេលខាងមុខ។