គុនមិញ ចិន៖ កម្ពុជាបានសាងសង់ពន្លាជាតិមួយនៅលើផ្ទៃដីទំហំ ៦០០ម៉ែត្រការ៉េ ដោយប្រើប្រាស់រចនាបទខ្មែរ ដើម្បីបង្ហាញផលិតផលសក្តានុពលចម្រុះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ ដែលបានរៀបចំឡើង នៅទីក្រុងគុនមិញ នៃខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងពិធីសម្ពោធពិព័រណ៍លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដែលមានកំណើន ៦,៦ប៊ីលានដុល្លារ (២០១៨) និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន ដែលសម្រេចបានទឹកប្រាក់ ៤២,៣២លានដុល្លារ នៅក្នុងនោះកម្ពុជា បាននាំចេញប្រមាណ ៧៨ម៉ឺនដុល្លារ និងនាំចូលចំនួន ៤១.៥៨លានដុល្លារ។
លោករដ្ឋលេខាធិការ បានបន្តទៀតថា ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជន ក្នុងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងចិន សំដៅចូលរួមអនុវត្តន៍គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ»។
«ពន្លាជាតិរបស់យើង មានការចូលរួមពីក្រុមហ៊ុន និងសហគ្រាសចំនួន២០ និងមានស្តង់ពាណិជ្ជកម្មចំនួន ៤៨ ដែលមានតាំងលក់ផលិតផលចម្រុះ ដូចជា៖ អង្ករ ម្សៅដំឡូងមី ម្រេច គ្រាប់ស្វាយចន្ទី សណ្តែក ស្ករត្នោត ម្ហូបអាហារ និងភេសជ្ជៈ ផលិតផលសូត្រ សិប្បកម្មផ្តៅ និងវត្ថុអនុស្សាវរីយ៍។ លើសពីនេះ យើងក៏មានឯកសារផ្សព្វផ្សាយស្តីពីវិស័យពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ព្រមទាំងគម្រោងអចលទ្រព្យថែមទៀត» ។
សូមជម្រាបថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ខេត្តយូណាន មានចំនួន ១១,៥២លានដុល្លារ គឺបានកើនឡើង ៤១% ធៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ២០១៨។ តាមរយៈការចូលរួមរបស់កម្ពុជា នាពេលកន្លងមក បានធ្វើឱ្យក្រុមហ៊ុនធំៗរបស់ខេត្តយូណាន សម្រេចចិត្តបោះទុនវិនិយោគក្នុងទឹកប្រាក់រាប់លានដុល្លារ លើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា៕