ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ

បាត់ដំបង: លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៣០ លានដុល្លារដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។

នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច បានធ្វើការពិភាក្សា និង ផ្តោតលើចំណុចសំខាន់ៗមួយចំនួន មានដូចជា:
(១) ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន ៣០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។
(២) អំពាវនាវដល់រោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតបចំពោះមុខដែល​រោងម៉ាស៊ីនអាចចូលរួម គឺតាមរយះការផ្សព្វផ្សាយឲ្យបានផុលផុសជូនប្រជាកសិករក្នុងតំបន់នីមួយៗ នូវ​បទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗ។
(៣) បន្តចូលរួមទិញស្រូវ ក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក សូមរោងម៉ាស៊ីនផ្តល់ដំណឹងនិងផ្សព្វផ្សាយជូនប្រជាកសិករក្នុងតំបន់ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានជ្រាប ដែលការណ៍នេះអាចបញ្ចៀសបានការច្រូតកាត់ច្រើនលើសតម្រូវការ។
(៤) គិតគូរអំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព និងលទ្ធភាពដែលរ៉ោងម៉ាស៊ីនអាចបង្កើនការកែច្នៃសម្រាប់បម្រើការនាំចេញ។
(៥) ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលរោងម៉ាស៊ីន និងក្រុមហ៊ុននាំអង្ករចេញកំពុងប្រឈម, ដំណោះស្រាយចំពោះមុខនិងសំណូមពរនានា។
(៦) លើកទឹកចិត្ត និងជំរុញឲ្យម្ចាស់រោងម៉ាស៊ីន ប្រើប្រាស់សេវា ធានាឥណទាន របស់សាជីវកម្មធនាឥណទានកម្ពុជា (CGCC) បន្ថែមពីយន្តការធនាគារ ដែលមានស្រាប់។