ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិតព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំគំរូ និងសហការី បានដឹកនាំក្រុមកាងារចុះជួបសំណេះ សំណាលជាមួយប្រជាកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកវ៉ែន សំអូន អនុប្រធានគណៈកម្មាធិការបក្សស្រុកថ្មពួក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មពួក លោក នាម ឃាម មេឃុំគំរូ និងប្រជាកសិកប្រមាណជា២០នាក់។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាដែលប្រជាកសិកកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ដូចជា ការខ្វះទឹកក្នុងការធ្វើស្រែប្រាំង ការប្រើប្រាស់ពូជស្រូវមិនសុទ្ធ ទិន្នផលស្រូវទាប ខ្វះបច្ចេកទេសក្នុងការប្រើប្រាស់ជី-ថ្នាំ និងតម្លៃកសិផលទាបជាដើម។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ទាក់ទងនឹងការខ្វះទឹកក្នុងការធ្វើស្រូវប្រាំង សាលាស្រុកបានជូនដំណឹងដល់ប្រជាកសិករជាមុនរួចហើយ និងស្នើឱ្យប្រជាកសិករស្នើសុំមកឃុំ មុននឹងធ្វើស្រែប្រាំង ដើម្បីឃុំអាចពិនិត្យលើលទ្ធភាពនៃការផ្តល់ទឹក ដោយសារអាងស្តុកទឹកមានកំណត់ ហើយតម្រូវការប្រើប្រាស់មានច្រើនរួមទាំងទឹកសម្រាប់ស្រូវប្រាំង សម្រាប់ការចិញ្ចឹមសត្វ ដាំបន្លែ និងការប្រើប្រាស់ក្នុងជីវភាពប្រជាជន២ភូមិ គឺភូមិតាយឹង និងភូមិព្រៃវែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្យ៉ាងទៀតក្នុងទីតាំងនេះ ក៏មិនមានប្រភពទឹកដែលអាចបូមអន្តរាគមន៍បានដែរ។
នៅក្នុងជំនួបនោះដែរ ប្រជាកសិករក៏បានឯកភាពទទួលស្គាល់ថា បើពួកគាត់ធ្វើស្រែប្រាំង នោះពួកគាត់នឹងប្រឈមលើបញ្ហានេះដោយខ្លួនឯង។ កន្លងមកឃុំគំរូមានការធ្វើស្រូវប្រាំងតែ១០ហិកតា ប៉ុណ្ណោះ តែឆ្នាំនេះមានប្រជាជនប្រមាណ៥៤គ្រួសារ ដែលចង់ធ្វើស្រែប្រាំងរហូតដល់ជិត៦០ហិកតា។ បន្ថែមពីនេះ ប្រជាកសិកស្នើសុំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បន្តជួយគាំទ្រ និងបង្កើតសហគមន៍ ស្រូវនៅក្នុងឃុំគំរូ ដើម្បីទទួលបានការអភិវឌ្ឍក្នុងសហគមន៍របស់ខ្លួន និងជួយដល់ប្រជាកសិករក្នុងការទទួលបានការផ្តល់វគ្គបណ្តុះបណ្តាលថ្មីៗ ស្តីពីការប្រើប្រាស់ជី ការជ្រើសរើសពូជសុទ្ធ និងការថែរទាំ និងស្នើសុំការបង្កើតសហគមន៍ស្រូវក្នុងឃុំគំរូ និងមានអំណាចក្នុងការចរចាទីផ្សារ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត បានពន្យល់ប្រជាកសិករឱ្យបានយល់យ៉ាងច្បាស់អំពីបញ្ហាស្រូវអង្ករសធ្លាក់ថ្លៃ ជាហេតុបណ្តាលមកពីការបញ្ចេញអង្ករលើទីផ្សាររបស់ប្រទេសឥណ្ឌា និងការផ្អាកការបញ្ជារទិញពីវៀតណាម និងចិន ក្នុងកំឡុងពេលចូលឆ្នាំចិនខាងមុខ។ លោក ក៏បានលើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរមកធ្វើលើពូជក្នុងស្រុក ដោយតំណាងសហគមន៍ធានាថា នឹងអាចផ្គត់ផ្គង់ពូជបានដោយពូជមានការបញ្ជាក់ត្រឹមត្រូវ និងផ្តល់ឥណទានឱ្យកសិករបង់មុនតែ៣០%នៃថ្លៃពូជ និងជួយរកទីផ្សារជូនប្រជាកសិករថែមទៀតផង៕