អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្រេចមិនអនុញ្ញាតឱ្យមានការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយដាច់ខាត ដើម្បីគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ គឺផ្អែកលើច្បាប់ជាធំ ដើម្បីរក្សានូវសង្គតិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺគោលនយោបាយការបរទេសរបស់កម្ពុជាមិនផ្លាស់ប្ដូរទេ ហើយក៏មិនអនុញ្ញាតឱ្យមានការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
លោកបានបញ្ជាក់ថា គោលនយោបាយការបរទេសនេះ ត្រូវបានអង្គមហាសន្និបាតបានជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗ រួមមាន៖ ១៖ ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផល ប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាតិ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ។ ៣៖ គាំទ្រការសន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ទាំង៣ ក្នុងការចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្ត្រដែលគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្ត្រនោះ ដើម្បីប្រឆាំងប្រទេសដទៃ និងទី៣-គាំទ្រដល់មជ្ឈភាពអាស៊ាន និងទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក។ ៤៖ បន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់កម្ពុជានៅក្នុងអាស៊ាន ក៏ដូចជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ផងដែរ៕ដោយ៖ កន ចំណាន, អត្ថបទ៖ វិទ្យុជាតិ, រូបថត៖ AKP