រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មាន សូមយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។
ការថ្លែងរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
រដ្ឋមន្ត្រីបានថ្លែងកោតសរសើរមន្ទីរព័ត៌មានខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើងទាក់ទងនឹងខេត្តសៀមរាប។ រដ្ឋមន្ត្រីបានឱ្យថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបប្រកាន់អភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្មក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិរបស់ខ្លួន និងជាសេនាធិការប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាននិងសាធារណមតិ។