នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានបរិញ្ញាបត្រភាសាចិនជំនាន់ទី៣ និងវគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី១ ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាស្ថាននាយទាហានចម្រុះ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
មានមតិក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាននាយទាហានចម្រុះ ដែលបានសហការល្អជាមួយភាគីមិត្តចិន ទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ កម្មវិធីសិក្សា សម្ភារៈឧបទេសសិក្សា សម្រាប់បណ្តុះបណ្តាលវគ្គទាំងពីរនេះតាមផែនការកំណត់។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនចិន ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងសម្ភារៈ ថវិកា ក្នុងនោះកងទ័ពរំដោះប្រជាជនចិន បានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស នៅវិទ្យាស្ថាននាយទាហានចម្រុះ ។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឈរលើស្មារតីជាតិនិយម ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ ក្លាយជាកងកម្លាំងទំនើប រៀបរយ និងមានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ទាមទារឱ្យកងយោធពលខេមរភូមិន្ទ ត្រូវតែទំនើប គឺ«ទំនើបទាំងមនុស្ស និងសម្ភារៈ»។ ដូច្នេះកងយោធពលខេមរភូមិន្ទ ប្តេជ្ញាបន្តកំណែទម្រង់ដោយឥតរាថយទោះជួបឧបសគ្គយ៉ាងណាក្តី។
នៅចំពោះមុខសិក្ខាកាម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីប្រវត្តិសាស្ត្រកម្ពុជា ដែលធ្លាប់ភ្លក់រសជាតិការឈឺចាប់ដោយសារសង្គ្រាម វិនាសព្រាត់ប្រាសជាច្រើនទសវត្សរ៍ និងការទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរៈបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍។
«សន្តិភាពដែលកម្ពុជាទទួលបាននេះដោយលំបាក និងកំពុងត្រូវគំរាមកំហែងពីពួកក្បត់ជាតិ ជ្រុលនិយមមួយក្តាប់តូច ហេតុនេះយើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកនេះឱ្យគង់វង្ស ដោយមិនឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត តស៊ូ ពុះពាររាល់ការលំបាក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ ក្រេបជញ្ជក់រាល់ខ្លឹមសារមេរៀនដែលយោធាចារ្យបានបង្រៀន និងស្វែងយល់បទពិសោធន៍កន្លងមក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន និងឈានទៅទទួលជោគជ័យនៅពេលបញ្ចប់វគ្គ៕ ដោយ៖ កន ចំណាន, ប្រភព៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ