ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ូ សុជាតិ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ ផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារប្រចាំឆ្នាំ២០២៦

នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ ផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារប្រចាំឆ្នាំ២០២៦ នៅសណ្ឋាគារ ខាសល បេវីយូ រីសត និងស្បា (Castle Bayview Resort & Spa) ខេត្តកំពត ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ដែលមានការចូលរួមដោយលោក លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញនៃ ន.ម.ក.។នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ម.ក. ដោយបង្ហាញអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ ផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារប្រចាំឆ្នាំ២០២៦ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតថ្នាក់ដឹកនាំ និងមន្ត្រីរបស់ ន.ម.ក. លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។

លោក ស៊ូ សុជាតិ បានវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំ ន.ម.ក. គ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ រហូតសម្រេចបានលទ្ធផលការងារគួរជាទីមោទនភាព ព្រមទាំងណែនាំឱ្យមន្រ្តីជំនាញបន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពបន្ថែម ព្រមទាំងបណ្តុះស្មារតីឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួនប្រកបដោយវិន័យ ជំនាញវិជ្ជាជីវៈខ្ពស់ អនុវត្តការងារឱ្យទាន់ពេលវេលាដែលបានគ្រោងទុក និងផ្តល់កិច្ចសហការ ក្នុងគោលដៅដើម្បីធានាឱ្យមានការអភិវឌ្ឍវិស័យមូលបត្រប្រកបដោយចីរភាពស្របចក្ខុវិស័យរបស់ ន.ម.ក. ដែលនឹងក្លាយជាស្ថាប័នមួយប្រកបដោយវិជ្ជាជីវ:ខ្ពស់និងរីកចម្រើន។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៦ :៣០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីមោះមុតក្នុងការបំពេញការងារតាមផែនការដែលបានកំណត់ ៕

ដោយ ប៉ោ កុសល
ប្រភព៖ និយ័តករមូលបត្រកម្ពុជា