នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្សុិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤ រូបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មក្នុងពេលឆាប់ៗខាងមុខនេះ។ លោករដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺមានហូប មានប្រើ មានបាន និងមានរហូត ដែលកម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះហូប មកដល់បច្ចុប្បន្ននេះគឺមានហូបគ្រប់គ្រាន់ ហើយត្រូវជំរុញការកែច្នៃ វេចខ្ចប់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលដ្ឋានសេដ្ឋកិច្ចគឺ មានបាន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រេីន ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបន្ថែមថាកម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម ធាតុចូលកសិកម្ម និងសេវាកម្ម ដែលអាចស្រូបយកកសិផលកម្ពុជា ធ្វេីការកែច្នៃ និងនាំចេញបានពិតប្រាកដ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករក្នុងស្រុកឡេីយ ដែលឯកអគ្គរាជទូតត្រូវពិនិត្យលទ្ធភាពក្នុងការកៀរគរ និងស្វែងរកការគាំទ្រនានាដេីម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសកម្ពុជា។
បើតាម លោករដ្ឋមន្ត្រី ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដោយឯកអគ្គរាជទូត អាចជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ និងផលប៉ះពាល់ត្រឹមត្រូវ និងតស៊ូមតិអំពីលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ អនាម័យ ភូតគាមអនាម័យ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការងារឥណទានកាបូន និងការអភិរក្សធនធានធម្មជាតិផងដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការងារនេះ គិតគូរពីអធិបតេយ្យភាពរបស់ខ្លួន ពិចារណាឱ្យបានច្បាស់លាស់ និងគិតគូរផលប្រយោជន៍ប្រជាជនជាសំខាន់។
ជាទីបញ្ចប់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤ រូបបានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលបានពន្យល់ និងផ្តល់ការណែនាំយ៉ាងសុីជម្រៅក្នុងវិស័យកសិកម្ម ដេីម្បីជាទុនក្នុងការស្វែងរកការគាំទ្រក្រៅប្រទេស និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗឱ្យកាន់តែល្អប្រសេីរ ទាញយកផលចំនេញសម្រាប់វិស័យកសិកម្ម និងវិស័យសំខាន់ផ្សេងៗទៀតឱ្យកាន់តែរីកចំរេីន៕