(ម៉ានីល, ហ្វីលីពីន)៖ លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ កាលពីរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅសណ្ឋាគារ The Peninsula ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមការងារក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបានប្រមូលផ្តុំអ្នកនាំចេញ-នាំចូលសំខាន់ៗក្នុងវិស័យស្រូវអង្ករ នៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងរកឱកាសនៃការជំរុញពាណិជ្ជកម្មក្នុងវិស័យស្រូវអង្ករ។
ក្នុងឱកាសនោះ ក៏មានកិច្ចពិភាក្សាស្ដីពីការពង្រីកសក្តានុពល និងជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ព្រមទាំងលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម ការធានាគុណភាព និងប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ផងដែរ។
ជាលទ្ធផល កម្មវិធីផ្គូផ្គងនេះ បានផ្គូផ្គងពាណិជ្ជកម្មតាមរយៈយន្តការ B2B ដោយជំរុញទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញអង្ករកម្ពុជា និងអ្នកទទួលទិញហ្វីលីពីន ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងបង្កើនលទ្ធភាពក្នុងការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។