ភ្នំពេញ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានទីតាំងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយថ្ងៃនេះក្រសួងអញ្ជើញបងប្អូនមកជួបជុំនៅទីនេះ ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន និងសូមអរគុណចំពោះក្រុមការងារដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ។
សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ព្រមជាមួយគ្នានេះ ក្រសួងនឹងជួយសម្របសម្រួលជាមួយធនាគារដើម្បីបងប្អូនមានលទ្ធភាពក្នុងការបង់រំលោះបន្តជាមួយបុរី ។