នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ដោយមានការចូលរួមពី លោក លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមន្រ្តីរាជការជាច្រើនរូបផងដែរ។
សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ឱ្យកាន់តែទូលំទូលាយ និងច្បាស់លាស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលមានវិធានចាំបាច់មួយចំនួន ត្រូវគោរពប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួន។
ប្រព័ន្ធទឹកកខ្វក់ រួមផ្សំឡើងនូវសមាសភាគជាអាទិ៍ ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានសំណល់ភក់ ការងារប្រព័ន្ធទឹកកខ្វក់ សំណង់សិល្បការ្យទឹកកខ្វក់ និងសកម្មភាព ពាក់ព័ន្ធនឹងទឹកកខ្វក់ ដែលជាសមាសធាតុដ៏សំខាន់នៃប្រព័ន្ធទីក្រុង និងទីប្រជុំជន ហើយបាននិងកំពុងដើរតួនាទីក្នុងការប្រមូលទឹកកខ្វក់ពីប្រភពផ្សេងៗរួមទាំងជំនន់ទឹកភ្លៀងបញ្ជូនទៅធ្វើ ប្រព្រឹត្តកម្ម មុននឹងបង្ហូរចូលក្នុងតំបន់ទឹកសាធារណៈ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងខិតខំប្រឹងប្រែងសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រព័ន្ធលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្នមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន១២ស្ថានីយ នៅក្នុងរាជធានី-ខេត្តចំនួន៩ រួមទាំងបាននិងកំពុងសិក្សា រៀបចំផែនការមេវិស័យទឹកកខ្វក់ និងបានបញ្ចប់ការរៀបចំច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ។
ថ្លែងក្នុងអង្គសិក្ខាសាលា រដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដែលបានគាំទ្រ និងចូលរួមសហការយ៉ាងល្អប្រសើរនាពេលកន្លងមក ចាប់តាំងពីដំណាក់កាលនៃការរៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ច្បាប់នេះត្រូវបានប្រកាសដាក់ឱ្យប្រើជាផ្លូវការ និងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនាថ្ងៃនេះ។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី សូមស្នើឱ្យអគ្គនាយកដ្ឋានជំនាញរៀបចំលិខិតបទដ្ឋានគតិយុត្តដែលច្បាប់នេះបានបើកផ្លូវតម្រូវឱ្យធ្វើ ដើម្បីបំពេញយន្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរៀបចំអនុក្រឹត្យប្រកាស និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងការងារប្រព័ន្ធទឹកកខ្វក់ សម្រាប់យកទៅអនុវត្តក្នុងការសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់។ បន្ថែមពីនេះ ត្រូវបន្តរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
គួរបញ្ជាក់ផងដែរថាច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលត្រូវបានព្រះមហាក្សត្រ ឡាយព្រះហត្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ៕ ដោយ៖ កន ចំណាន, ប្រភព៖ ក្រសួងសាធារណៈការ