អ្នកនាំពាក្យកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា គ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់លើទីតាំងមួយនៅភាគខាងត្បូងនៃទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួស ។
អ្នកនាំពាក្យយោធាដដែលបានបន្តថា ទីតាំងដែលគ្រាប់រ៉ូកែតបានធ្លាក់នោះ គឺជាទីតាំងទីស្នាក់ការរបស់ក្រុមហ៊ុនបរទេសច្រើន រួមទាំងស្នាក់ការរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ ។
នេះជាការវាយប្រហារបែបវិច្ឆេទកម្មម្តងទៀត ក្នុងរយៈពេលជាងមួយខែ ក្រោយពីគ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់នៅជិតស្ថានទូតអាមេរិកនៅទីក្រុង បាដាត ប្រទេសអ៊ីរ៉ាក់ដដែល ហើយរហូតដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ ៕