ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹកនិងធនាគារARDBចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាផ្តល់ហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍលើប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធប្រឡាយតាមទីជនបទ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ព្រមទាំង ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកកិច្ចការរដ្ឋបាល នៅថ្ងៃទី៣ខែមីនានេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រផ្តោតលើវិស័យកសិកម្មនឹង ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។
នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងធនធានទឹកនិងឧតុនិយម, ថ្នាក់ដឹកនាំធនាគារARDB, តំណាងក្រសួង-ស្ថាប័ន, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា,រោងមាស៊ីនកិនស្រូវ, តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមបង្ហាញថា នៅក្នុងអនុស្សរណៈយោគយល់គ្នាក៏បានផ្តល់កិច្ចសហប្រតិបត្តិការលើការផ្តល់ឥណទាន ដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រព (Complete System) ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចនៅតាមជនបទតែម្តងដែលត្រូវការអភិវឌ្ឍពីតូចទៅមធ្យមនិងអភិវឌ្ឍពីមធ្យមទៅជាទំនើប មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរនៅតាមតំបន់ជនបទ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងថា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រសួងស្ថាប័នទាំងពីរនឹងបង្កើនការផ្សព្វផ្សាយអំពីគោលនយោបាយវិស័យធនធានទឹក និងឧតុនិយមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍មូលដ្ឋានការផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ការងារនិងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ក្រុមហ៊ុនវិនិយោគ ឯកជនលើប្រព័ន្ធស្រោចស្រពដែលមានសក្តានុពលកាន់តែច្រើនដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នានាពេលនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម ដ្ឋមន្រ្តីរំពឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដើម្បីជួយលើកស្ទួយដល់ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យ ធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរ នឹងបង្កើនការផ្សព្វផ្សាយអំពីគោលនយោបាយវិស័យធនធានទឹក និងឧតុនិយមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍មូលដ្ឋានការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការងារ និងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រពដែលមានសក្តានុពលកាន់តែច្រើន ដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នានាពេលនេះ។
សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានមានប្រសាសន៍ក្នុងពិធីនោះថា ក្នុងគោលបំណងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មដោយបង្កើនដីកសិកម្មដែលទទួលបានការស្រោចស្រោព និងការនាំយកវិនិយោគទុនទៅកាន់វិស័យទឹក។
ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ARDB នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹកនិងឧតុនិយមលើការគាំទ្រផ្តល់ឥណទានដល់អ្នកវិនិយោគលើប្រព័ន្ធស្រោចស្រពដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។
ជាថ្មីម្តងទៀត តាមរយៈ កិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារ ARDB នឹងផ្តល់ជាផលវិជ្ជមានស្របតាមឆន្ទៈនិងចក្ខុវិស័យរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មនិងសដ្ឋកិច្ចជនប្រកបដោយចីរភាពក៏ដូចជាស្របតាមតួនាទី-ភារកិច្ចរបស់ស្ថាប័នទាំងពីរដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងទ្រទ្រង់ការកាត់បន្ថយភាពក្រីក្រ តាមរយៈសន្តិសុខទឹកនិងស្បៀងអាហារ ។
សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រពពេញលេញ ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យដល់គ្រប់តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងហិរញ្ញប្បទានបន្ត។