នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី និងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មួយផ្នែកបានផ្តោតសំខាន់លើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែល «ស្រ្តី គឺជាស្នូល» ជាមួយនឹងការប្តេជ្ញាបន្តរក្សាសន្តិភាព ស្ថិរភាព និងសមិទ្ធផលចាស់ ព្រមទាំងការបង្កើតសមិទ្ធផលថ្មី។
លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់បងប្អូននារីនិងបុរសទាំងអស់ បន្តចូលរួមលើកកម្ពស់សមភាពយេនឌ័រ សីលធម៌ តម្លៃស្រ្តី ការចូលរួមរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសាធារណៈ និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ (១). ការបន្តអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី ៦ (ឆ្នាំ២០២៤-២០២៨) ដែលផ្តោតលើបរិវត្តកម្មយេនឌ័រ, (២). ការកសាងសមត្ថភាពស្ត្រីឱ្យទទួលនូវតួនាទីជាអ្នកដឹកនាំនៅគ្រប់វិស័យនិងគ្រប់កម្រិត, (៣). ការអនុវត្តប្រព័ន្ធថវិកា និងការត្រួតពិនិត្យដែលឆ្លើយតបនឹងយេនឌ័រនៅគ្រប់គោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល, (៤). ការលើកទឹកចិត្តនិងផ្តល់ឱកាសដល់ស្ត្រីនិងកុមារីបានចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM), (៥). ការផ្តល់លទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពប្រកបដោយគុណភាពនិងទាន់ពេលវេលា, (៦). ការបង្កើតអក្ខរកម្មឌីជីថលសម្រាប់ស្ត្រីនិងកុមារី, (៧). ការគាំទ្រសម្រាប់សហគ្រិនស្ត្រី ក្នុងការទទួលបានធនធាន ទីផ្សារ និងការបណ្តុះបណ្តាល, (៨). ការជំរុញយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីសហគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ចំពោះស្ត្រីនិងកុមារី និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាចំពោះស្រ្តី, (៩). ការអនុវត្តកម្មវិធីភាពជាមាតាបិតា និងការអប់រំកូនតាមបែបវិជ្ជមាន និង (១០). ការផ្តល់ភាពអង់អាចដល់ស្ត្រីឱ្យចូលរួមក្នុងការធ្វើផែនការទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕ ដោយ៖ កន ចំណាន