ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ

ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តម ហ៊ុន ម៉ានី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាថារណៈ បានរំលេចពីដំណើរការរៀបចំការងារឆ្ពោះទៅកាន់សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែមីនា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា “សម្រាប់សន្និបាតឆ្នាំនេះ នឹងមានការយកចិត្តទុកដាក់ជាផ្នែកធំមួយទៅលើ ការរៀបចំរបៀបរបបការងារ និងយន្តការការងាររវាងក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជាពិសេស ធ្វើយ៉ាងណាឱ្យមានការសហការគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ដែលធ្វើឱ្យមន្ទីរមុខងារសាធារណៈ ក្លាយជាសេនាធិការដ៏ល្អ ជូនដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតរសើរដល់ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដែលបានខិតខំអនុវត្តការងារវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តកិច្ចការងារ​ស្នូលប្រចាំថ្ងៃក្នុងការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញតាមតម្រូវការ បានយ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឧបនាយករដ្ឋមន្ត្រីបន្ថែមថា មន្ទីរមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់ក្រសួងមុខងារសាធារណៈ ត្រូវយល់ និងក្តាប់ឱ្យជាប់ច្បាស់ ពីគោលជំហរ និងគម្រោង ព្រមទាំងកិច្ចការងារផ្សេងៗ របស់ក្រសួង ដើម្បីឱ្យមានសំលេងតែមួយ ភាសាតែមួយ ក្នុងក្របខណ្ឌនៃក្រសួងមុខងារសាធារណៈ៕ ដោយ៖ កន ចំណាន