ភ្នំពេញ៖ តំណាងក្រុមហ៊ុនលំដាប់ពិភព ដែលមានការិយាល័ យកណ្តាលនៅក្នុងទីក្រុងហ្សូរិច នៃប្រទេសស្វីស គ្រោងសាងសង់ឡសម្ងួត (សៃឡូ) ដែលបំពាក់ដោយ បច្ចេកវិទ្យាទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សែចង្វាក់តម្លៃស្រូវអង្ករនិងធ្វើពិធិកម្មការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារសាកលប្រកបដោយនិរន្តរភាព។
លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានគូសបញ្ជាក់ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមិថុនានេះថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីកែច្នៃផលិតផល បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់ និងពង្រឹងនិរន្តរភាពផលិតកម្មនៅកម្ពុជាគ្រោង នឹងវិនិយោគសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ អាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងក្តីសោមនស្ស និងសាទរចំពោះ គម្រោងវិនិយោគរបស់ក្រុមហ៊ុន Buhler ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS) និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ព្រមទាំងគោលដៅនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលសាងសង់ចប់ គម្រោងនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។លើសពីនេះឡសម្ងួតទាំងអស់ក៏នឹងផ្តល់គុណប្រយោជន៍ធំធេងដល់ការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្មជាតិ ដែលនឹងរួមចំណែកលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕