លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងក្នុងសប្ដាហ៍នេះថា ប្រទេសកម្ពុជាជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស។
ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសរំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួមដោយបន្តថា មានកត្តាចំនួន ៧ ដែលអំណោយផល និងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ។
កត្តាទាំង៧ដែលឧបនាយករដ្ឋមន្រ្តីលើកឡើង ក្នុងនោះមាន ៖ ១. សន្តិភាព ស្ថេរភាពនយោបាយ, ២. ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ,៣. រាជរដ្ឋាភិបាលជំរុញការវិនិយោគ ,៤. ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង ,៥. ប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាពទាំងប្រាក់រៀល និងដំណើរការរបស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល, ៦. ការបង់ពន្ធមានភាពអនុគ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត និងទី៧ជាចំណុចចុងក្រោយគឺ អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការជួលរយៈពេលវែង។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់អ្នកវិនិយោគអាមេរិក។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបរទេសទាំងជិត១០០ក្រុមហ៊ុនបានមកបំពេញទស្សនកិច្ចនិងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ នៅកម្ពុជារួមមានក្រុមហ៊ុនចិន ជប៉ុនថៃ និងវៀតណាមជាដើម ហើយក៏បានចូលជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាការងារបន្ថែម ។
តាមការបញ្ជាក់របស់លោកស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត នៃប្រវត្តិប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង(តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា៣០ឆ្នាំ) និងគម្រោងវិនិយោគដែលបានអនុម័តក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០គម្រោង។ តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕ ដោយ៖ក្រុមការងារ MoINFO APP