ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំបន់ទេសចរណ៍លើភ្នំខ្នងផ្សារ គ្រោងនឹងតម្លើងអង់តែនសេវាទូរស័ព្ទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក, ទីតាំងសម្រាប់លក់អាហារ និងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ។

នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមតេលេក្រោមផ្លូវការរបស់សម្តេចបវរធិបតី នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

គូសរំលេចផងដែរថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានកំណត់គោលការណ៍ចម្បង គឺ “ការធ្វើឱ្យប្រសើរឡើងក្នុងតំបន់ភ្នំខ្នងផ្សារនេះ គឺត្រូវគិតគូរពីសោភ័ណភាព និងរក្សាភាពដើមនៃធម្មជាតិក្នុងតំបន់” ដោយគម្រោងរៀបចំបន្ថែមទាំងអស់ គឺឈរលើគោលការណ៍នេះជាគ្រឹះដ៏រឹងមាំ ដើម្បីជួយពង្រឹងដល់សហគមន៍ និងផ្តល់ភាពងាយស្រួល សំដៅទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើន ដោយអាចក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ពង្រឹងសេដ្ឋកិច្ចប្រជាសហគមន៍ឱ្យកាន់តែធូរធាផងដែរ៕ ដោយ៖ កន ចំណាន