លោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើវិនិយោគពាណិជ្ជកម្មអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១មានការរីកចម្រើនបន្ថែមទៀតជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។
នេះយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា(Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា។
លោក Salah Essa ក៏បានសរសើរដែរ ពីលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជា ដែលមានកត្តាសុខសន្តិភាព ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កន្លងទៅ និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងរីកការកចម្រើន និងកត្តាសន្តិសុខល្អប្រសើរថែមទៀត ដែលអំណោយផលនៃបណ្ដាប្រទេសទាំង១១ មកទស្សនានៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀតដែរ។
ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំងនោះឲ្យមានការកើនឡើងបន្ថែមទៀត ដែលជាការចង់បានរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោក៏ចង់ឲ្យប្រទេសទាំង១១នោះ គឺជួយបន្ថែមទៀតដល់ប្រទេសកម្ពុជា មិនត្រឹមតែក្នុងក្របខណ្ឌនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះបណ្ដាលនូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្សរបស់ប្រទេសកម្ពុជាឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណអ្នកចំពោះលោក Salah Essa ក៏ដូចជាតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ផ្សេងទៀតដែលបានវាយតម្លៃដោយសុទិដ្ឋិយមចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងកត្តាសន្តិសុខផងដែរ។
សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់ប្រតិភូកុងស៊ុលកិត្តិយស ដែលបានជួបសម្ដេចនៅក្នុងឱកាសនេះ ហើយសម្ដេចបានមានប្រសាសន៍ថា កម្ពុជារង់ចាំធ្វើការជាមួយនឹងបណ្ដាស្ថាប័ន ក៏ដូចជាបណ្ដានៃប្រទេសទាំង១១នោះ ដើម្បីធ្វើយ៉ាងណាជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឲ្យកាន់តែល្អប្រសើរនៅក្នុងក្របខណ្ឌរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង១១៕ ដោយ៖ កន ចំណាន