ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ទីម័រខាងកើត បង្ហាញពីគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET

នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស(Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការស្វាគមន៍ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដោយក្នុងន័យនេះរដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ ឱ្យមានកិច្ចសហប្រតិបត្តិការក្នុងកម្រិតនៃការចុះអនុស្សរណៈយោគយល់រួមគ្នា រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា។

ជាមួយគ្នានោះរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៣ឆ្នាំមកហើយ ដូចនេះរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

លោក Ermenegildo Krupa Lopes បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងជួយគាំទ្រដល់រដ្ឋាភិបាលទីម័រខាងកើត ជាពិសេសឯកឧត្តម បានកោតសរសើរចំពោះប្រទេសកម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យ មានចក្ខុវិស័យច្បាស់លាស់ ប្រជាជនរស់នៅក្នុងសន្តិភាព។ ទន្ទឹមនេះ លោក ឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែងការគាំទ្រចំពោះការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រខាងកើត និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនិងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យការងាររួមគ្នា ផងដែរ៕