នៅក្នុងរយ:ពេល៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ខណ:កាលពី ៣ខែដំបូង ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបតែចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណតែ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែងប៉ុណ្ណោះ។ ពោលគឺជារួមក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ហើយបើគិតអំពីបរិមាណទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤ភាគរយ ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមគម្រោង វិនិយោគសរុបទាំងនោះ គឺ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ខណ:នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង ។
សូមបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំត្រីមាសឆ្នាំ២០២៥នេះ រួមមាន ៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣ គម្រោង ដោយអនុភាពសរុប ៣៥០ មេហ្គាវ៉ាត់ , គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃលោហធាតុ ចំនួន ៣ គម្រោង , គម្រោង វិនិយោគបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់គ្រប់ប្រភេទ , គម្រោង វិនិយោគ បង្កើតរោងចក្រ ផលិតឧបករណ៍បរិក្ខារពេទ្យ និង ស្រោមដៃគ្រប់ប្រភេទ , គម្រោង វិនិយោគបង្កើត រោងចក្រផលិត សំបកកង់គ្រប់ប្រភេទ , គម្រោង វិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ , គម្រោង វិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត , គម្រោង វិនិយោគបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារិម និង គម្រោង វិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ៕