ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិន និងអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន។ គំនិតនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលជាក្រុមហ៊ុនមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះគំនិតដ៏មានសារៈសំខាន់នេះ ដែលនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញការអភិវឌ្ឍន៍លើវិស័យស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែម និងប្រណិតភាពផងដែរ។
ក្នុងឱកាសនោះដែរ ក្រសួងទេសចរណ៍បានស្នើឱ្យក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ជួយសហការក្នុងការទប់ស្កាត់ព័ត៌មានមិនពិតមួយចំនួនដែលបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រសួងបានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិន និងអាមេរិកផងដែរ៕